មន្ត្រីមកពីភាគីទាំងពីរ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ និងក្រុមហ៊ួទី បានយល់ព្រមដោះដូរថ្មីមួយដែលពាក់ព័ន្ធនឹងអ្នកជាប់ឃុំជិត ៣.០០០ នាក់ ក្នុងនោះមានជនជាតិអារ៉ាប៊ីសាអ៊ូឌីត ៧ នាក់ និងជនជាតិស៊ូដង់ ២៣ នាក់។

លោក Abdul Qader al-Murtada ប្រធានគណៈកម្មាធិការកិច្ចការអ្នកទោសរបស់ក្រុមហ៊ួទី បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កិច្ចព្រមព្រៀងនេះ រួមមានការដោះលែងអ្នកជាប់ឃុំហ៊ួទីចំនួន ១.៧០០ នាក់ ជាថ្នូរនឹងអ្នកជាប់ឃុំដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចំនួន ១.២០០នាក់ រួមជាមួយជនជាតិអារ៉ាប៊ីសាអ៊ូឌីត ៧ នាក់ និងជនជាតិស៊ូដង់ ២៣ នាក់ ដែលត្រូវបានហ៊ួទីឃុំខ្លួន។

មន្ត្រីរដ្ឋាភិបាលយេម៉ែនម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចព្រមព្រៀងនេះ រួមបញ្ចូលករណីរបស់លោក Mohammed Qahtan ដែលជាឥស្សរជនជាន់ខ្ពស់នៃគណបក្ស អ៊ីស្លាមដែលត្រូវបានហ៊ួទីចាប់ពង្រត់កាលពី ១០ ឆ្នាំមុន នៅក្នុងរដ្ឋធានី Sanaa។ លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពរបស់លោក Qahtan ទេ។
កិច្ចព្រមព្រៀងនេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំរយៈពេល ១២ថ្ងៃ ដែលបានធ្វើឡើង នៅក្នុងទឹកដីនៃប្រទេសអូម៉ង់។ នេះបើយោងតាមលោក Hans Grundberg ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន ដែលបានស្វាគមន៍កិច្ចព្រមព្រៀងនេះថា ជា «ជំហានវិជ្ជមាន និងមានអត្ថន័យ ដែលសង្ឃឹមថា នឹងបន្ធូរបន្ថយទុក្ខវេទនារបស់អ្នកជាប់ឃុំ និងក្រុមគ្រួសាររបស់ពួកគេ នៅទូទាំងប្រទេសយេម៉ែន»៕