ក្រសួងថាមពលអគ្គិសនីអ៊ីរ៉ាក់ បាននិយាយថា អ៊ីរ៉ង់បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសជិតខាងអ៊ីរ៉ាក់ ដោយលើកឡើងពី «កាលៈទេសៈមិនធម្មតា»។

លោក Ahmed Musa ប្រធានសេវាសារព័ត៌មានរបស់ក្រសួងថាមពលអ៊ីរ៉ាក់ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន INA បាននិយាយថា៖«ភាគីអ៊ីរ៉ង់បានផ្ញើសារតាមតេឡេក្រាម ទៅកាន់ក្រសួងថាមពលអ៊ីរ៉ាក់ ដើម្បីជូនដំណឹងអំពីការបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទាំងស្រុង ដោយសារតែ កាលៈទេសៈមិនធម្មតា»។ កាលៈទេសៈពិតប្រាកដ គឺពុំត្រូវបានបញ្ជាក់ទេ។

លោក Musa បានកត់សម្គាល់ថា អ៊ីរ៉ាក់ «បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់វិបត្តិនៅរោងចក្រថាមពល រហូតដល់ការបន្តផ្គត់ផ្គង់ឧស្ម័នឡើងវិញ»។ លោកបានពន្យល់ថា ក្រសួងថាមពល រួមជាមួយក្រសួងប្រេងអ៊ីរ៉ាក់«បានប្តូរទៅប្រើប្រាស់ឥន្ធនៈជំនួស ដើម្បីកុំឲ្យរំខានដល់ការផ្គត់ផ្គង់ទៅរោងចក្រថាមពល»។ យោងតាមលោក Musa បានឲ្យដឹងថា ការផលិតអគ្គិសនីនៅក្នុងប្រទេសនេះ គឺ«ស្ថិតក្រោមការគ្រប់គ្រង»។
ទោះជាយ៉ាងណាក៏ដោយ លោក Musa បាននិយាយថា រោងចក្រផលិតថាមពលមួយចំនួន «បានជួបបញ្ហាលំបាកយ៉ាងខ្លាំង ដោយសារតែកង្វះខាតប្រេងឥន្ធនៈ អង្គភាពថាមពលមួយចំនួន ត្រូវបានបិទ បន្ទុកនៅលើរោងចក្រថាមពលបានថយចុះ ដែលប៉ះពាល់ដល់សមត្ថភាពរបស់ប្រព័ន្ធថាមពលក្នុងការដំណើរការពេញលេញ»។
សហរដ្ឋអាមេរិកបានបដិសេធម្តងហើយម្តងទៀតក្នុងការបន្តការអនុញ្ញាតដល់ទីក្រុងបាកដាដសម្រាប់ប្រទេសអ៊ីរ៉ាក់ក្នុងការនាំចូលអគ្គិសនីពីប្រទេសអ៊ីរ៉ង់ ដែលកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេ រិក។ រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា ប្រទេសនេះ នៅតែ «គ្មានជម្រើសអ្វីក្រៅពីការនាំចូលឧស្ម័នពីប្រទេសអ៊ីរ៉ង់» ដែលបច្ចុប្បន្នផលិតអគ្គិសនីប្រហែលមួយភាគបីនៃអគ្គិសនី ដែលប្រើប្រាស់នៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅចុងខែតុលា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed al-Sudani បាននិយាយថា ប្រទេសនេះ មានបំណងសម្រេចបានភាពគ្រប់គ្រាន់ពេញលេញនូវឧស្ម័នធម្មជាតិដោយខ្លួនឯង នៅឆ្នាំ ២០២៨៕