ឆ្នាំ២០២៥ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអាកាសធាតុក្តៅបំផុត ក្នុងកំណត់ត្រាពិភពលោក បើទោះបីជាមានការផ្លាស់ប្តូរឆ្ពោះទៅរកគំរូអាកាសធាតុ La Niña កម្រិតអព្យាក្រឹត្យ ឬខ្សោយ ដែលជាធម្មតាសីតុណ្ហភាពសកលមានកម្រិតមធ្យម។ នេះបើយោងតាមអង្គការឧតុនិយមពិភពលោក (WMO) និងទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប (EU)។
សីតុណ្ហភាពសកល នៅឆ្នាំ២០២៥ ត្រូវបានកត់ត្រាថា ជាកម្រិតក្ដៅបំផុតទី២ ឬទី៣ ដែលមិនធ្លាប់មាន បន្ទាប់ពីមានកម្ដៅក្ដៅបំផុត កាលពីឆ្នាំ២០២៤។ អ្នកវិទ្យាសាស្ត្របានលើកឡើងថា និន្នាការនេះគូសបញ្ជាក់ពីការកើនឡើងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបណ្តាលមកពីទង្វើរបស់មនុស្ស ដែលជំរុញដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយវដ្តនៃភាពត្រជាក់ធម្មជាតិលែងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទៅទូទាត់ជាមួយនឹងការកើនឡើងនូវសីតុណ្ហភាពមូលដ្ឋានហើយ។

WMO បានព្រមានថា សីតុណ្ហភាពក្នុងរយៈពេល ៥ឆ្នាំខាងមុខ ទំនងជានៅតែស្ថិតនៅ ឬជិតកម្រិតខ្ពស់បំផុត។ ទស្សនវិស័យចុងក្រោយបំផុតរបស់ស្ថាប័ននេះ បង្ហាញពីឱកាស ៨០ភាគរយដែលយ៉ាងហោចណាស់ ១ឆ្នាំ នឹងមានកម្ដៅក្តៅខ្លាំងបំផុតលើសបច្ចុប្បន្ន និងឱកាស ៧០ភាគរយ ដែលសីតុណ្ហភាពជាមធ្យមរយៈពេល ៥ឆ្នាំ នឹងលើសពី ១,៥អង្សាសេជាបណ្តោះអាសន្ន ពោលគឺលើសពីកម្រិតមុនសម័យឧស្សាហកម្ម។
គួរបញ្ជាក់ថា កម្ដៅក្ដៅខ្លាំងហួសហេតុ អំឡុងរដូវក្តៅឆ្នាំ២០២៥ បណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងទូលំទូលាយ នៅទូទាំងតំបន់ជាច្រើន ដោយខែកក្កដាជាប់ចំណាត់ថ្នាក់ជាខែក្តៅបំផុតទី៣ ក្នុងកំណត់ត្រាពិភពលោក៕


