ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ សង្គ្រាមឈ្លានពានវាយប្រហាររបស់ថៃមកលើអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ជាច្រើនក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកោះកុង ដែលបណ្ដាលឱ្យប្រជាពលរដ្ឋ ជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសមួយចំនួន ហើយមួយចំនួនធំត្រូវភៀសសឹកចេញពីផ្ទះសម្បែងមិនអាចរស់នៅនិង ប្រកបរបរចិញ្ចឹមជីវិតបាន។ ការឈ្លានពានរបស់ថៃនេះថែមទាំងបំផ្លិចបំផ្លាញប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិរបស់ប្រជាជនស្លូតត្រង់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។
សង្គ្រាមឈ្លានពានរបស់ថៃនេះ គឺជាឧក្រិដ្ឋកម្មនិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យនិងបូរណភាព ទឹកដីរបស់កម្ពុជា និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក៏ដូចជារំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ និង សេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថ្មីៗកន្លងទៅនេះ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ព័ត៌មានពិស្ដារ៖ ញត្តិថ្កោលទោស របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
