រដ្ឋបាលដឹកនាំដោយយោធារបស់សហភាពមីយ៉ាន់ម៉ា នឹងធ្វើការបោះឆ្នោតសកលច្រើនដំណាក់កាល ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ ទោះបីជាសង្គ្រាមស៊ីវិលកំពុងឆាបឆេះយ៉ាងក្ដៅគគុកនៅទូទាំងតំបន់ធំៗនៃប្រទេសក៏ដោយ។

អាជ្ញាធរបានប្រកាសថា ការបោះឆ្នោតនឹងត្រូវធ្វើឡើង ២ដំណាក់កាលជាមុនសិន ពោលគឺ នៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ខាងមុខ និងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅក្នុងឃុំចំនួន២០២ ក្នុងចំណោមឃុំចំនួន៣៣០ របស់មីយ៉ាន់ម៉ា ជាទីដែលយោធាមានកម្រិតនៃការគ្រប់គ្រងខុសៗគ្នា។

កាលបរិច្ឆេទសម្រាប់ដំណាក់កាលទីបី ការរាប់សន្លឹកឆ្នោត ឬលទ្ធផលដែលអាចធ្វើទៅបាន មិនទាន់ប្រកាសនៅឡើយទេ ដោយអាជ្ញាធរគ្រាន់តែនិយាយថា ដំណាក់កាលទីបី អាចធ្វើឡើងនៅពេលក្រោយក្នុងខែមករាដដែលនោះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ដំណាក់កាលទី៣ ទំនងជានឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា។
កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង បានបង្ហើបថា ក្នុងអំឡុងពេលបោះឆ្នោតខាងមុខ «អ្នកបោះឆ្នោតគួរតែជ្រើសរើសបេក្ខជនដែលអាចសហការជាមួយកងកម្លាំង Tatmadaw» ដោយសំដៅលើកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ា។
ការលើកឡើងដែលហាក់ប្រាប់ម្ចាស់ឆ្នោតថាគួរតែជ្រើសរើសអ្នកណានេះ បានគូសបញ្ជាក់ពីការប៉ុនប៉ងរបស់របបសឹក ក្នុងការរក្សាអំណាច។ ប៉ុន្តែអ្នកវិភាគ និងអ្នកការទូតនិយាយថា គោលបំណងនៃការបង្កើតរដ្ឋបាលស្ថិរភាពមួយក្នុងប្រទេសនេះ គឺជារឿងមិនអាចទៅរួចនោះទេ ដោយសារតែសង្គ្រាមស៊ីវិលកំពុងឆាបឆេះ ហើយរដ្ឋាភិបាលគ្រប់គ្រងដោយយោធាដែលមានរូបរាងស៊ីវិល ទំនងជាមិនទទួលបានការគាំទ្រច្រើននៅក្រៅប្រទេសឡើយ៕