
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តរបស់សម្តេច ក្នុងការជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ា តាមរយៈការអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលដំណើរទស្សនកិច្ចនេះ គឺដើម្បីបំបែកភាពជាប់គាំង និងបើកផ្លូវឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC)។ ឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីផែនការរបស់ឯកឧត្ដម ដើម្បីទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ាន ពីថ្ងៃទី២០ ដល់ ២៣ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ការលើកឡើងរបស់ឯកឧត្ដម ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ានបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគ ម្រោងចំនួន ០២ គឺការបោសសម្អាតមីនប្រកបដោយសមាហរណកម្ម និងសង្រ្គោះជនពិការដោយសារមីន ដំណាក់កាលទី២ និង ទី២.ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង៕ដោយ៖ គង់ ឌិន