អ៊ីស្រាអែល បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចពិភាក្សាដើម្បីទទួលបានសាកសពចំណាប់ថ្នូរចុងក្រោយដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា។ ទន្ទឹមនឹងនេះ អ្នកតំណាងមកពីក្រុមអ៊ីស្លាមនិយមហាម៉ាស បានពិភាក្សាជាមួយមន្ត្រីមកពីប្រទេសទួរគី អំពីការផ្លាស់ប្តូរទៅរកដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពសម្រាប់តំបន់ហ្កាហ្សា។

អេហ្ស៊ីប និងទួរគី គឺជាប្រទេសពីរក្នុងចំណោមប្រទេសជាច្រើនដែលសម្របសម្រួលកិច្ចពិភាក្សាលើផែនការសន្តិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ កិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមានកាលពីខែតុលា ប៉ុន្តែផែនការនេះមិនទាន់បានដំណើរការទៅមុខនៅឡើយ ដោយសារតែក្រុមហាម៉ាសមិនទាន់បានប្រគល់សាកសពចំណាប់ថ្នូរចុងក្រោយនៅឡើយ។

កាលពីថ្ងៃពុធ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា ការិយាល័យបានបញ្ជូនមន្ត្រីទៅកាន់ប្រទេសអេហ្ស៊ីប។ នៅថ្ងៃដដែលនោះ ក្រសួងការបរទេសទួរគីបានប្រកាសថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក Hakan Fidan បានជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមហាម៉ាស។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានទួរគីមួយថា មន្ត្រីក្រុមហាម៉ាស បានពិភាក្សាអំពីបទឈប់បាញ់ និងការជំរុញផែនការសន្តិភាព។ ប្រភពព័ត៌មាននេះក៏បានដកស្រង់សម្តីមន្ត្រីដែលនិយាយថា ការផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដូចជាឱសថ និងប្រេងឥន្ធនៈ មិនទាន់បានចូលទៅដល់តំបន់ហ្កាហ្សានៅឡើយទេ។