អ្នកស្រុកនៃរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលី នាថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះ នឹងបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុង ដែលមានបំណងបើកផ្លូវឲ្យមានការបោះឆ្នោតជាតិដោយផ្ទាល់ជាលើកដំបូងរបស់ប្រទេសអាហ្វ្រិកខាងកើតមួយនេះ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍។
ដោយមិនគិតពីការបោះឆ្នោតនៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត Puntland និងតំបន់ផ្ដាច់ខ្លួន គឺសូម៉ាលីឡែន (Somaliland) ប្រទេសសូម៉ាលីបានធ្វើការបោះឆ្នោតដោយផ្ទាល់ចុងក្រោយក្នុងឆ្នាំ១៩៦៩ ពោលគឺប៉ុន្មានខែមុនពេលមេបញ្ជាការយោធា លោក Mohamed Siad Barre ឡើងកាន់អំណាចដោយរដ្ឋប្រហារ។

ក្រោយផ្ទុះសង្រ្គាមស៊ីវិលជាច្រើនឆ្នាំ ដែលបានកើតមានឡើងបន្ទាប់ពីការដួលរលំរបស់របបលោក Barre ក្នុងឆ្នាំ១៩៩១ ការបោះឆ្នោតដោយប្រយោល ត្រូវបានចាប់ផ្ដើមឡើងនៅឆ្នាំ២០០៤។ គំនិតនេះគឺដើម្បីលើកកម្ពស់ការឯកភាពគ្នា ក្នុងចំណោមក្រុមគូប្រជែង នៅចំពោះមុខការបះបោរឥស្លាមនិយម ទោះបីជាជនជាតិសូម៉ាលីខ្លះ និយាយថា អ្នកនយោបាយពេញចិត្តដំណើរការបោះឆ្នោតដោយប្រយោលជាង ពីព្រោះពួកគេអាចឆ្លៀតឱកាសប្រព្រឹត្តអំពើពុករលួយ។
នៅក្រោមប្រព័ន្ធនេះ តំណាងក្រុមជ្រើសរើសសមាជិកសភា ដែលបន្ទាប់មកជ្រើសរើសប្រធានាធិបតី។ ហើយបន្ទាប់មក ប្រធានាធិបតី ទទួលខុសត្រូវក្នុងការតែងតាំងអភិបាលក្រុង Mogadishu។
ការបោះឆ្នោតនៅទីក្រុង Mogadishu ដែលមានប្រជាជនប្រហែល ៣លាននាក់ និងដែលស្ថានភាពសន្តិសុខមានភាពប្រសើរឡើង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បើទោះបីជានៅតែមានការបន្តការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ al Shabaab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ត្រូវបានគេមើលឃើញថា ជាការសាកល្បង ដើម្បីអាចឲ្យការបោះឆ្នោតដោយផ្ទាល់នៅថ្នាក់ជាតិប្រព្រឹត្តទៅបាន៕
