អ៊ុយក្រែន៖ ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់បានសម្រុកទៅកាន់ស្ថានីយរថភ្លើង Dnipro ខណៈពួកគេព្យាយាមឡើងជិះរថភ្លើងចាកចេញពីទីក្រុងនេះ និងភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្ស៊ី។ ពលរដ្ឋភាគច្រើនបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Lviv ក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកខ្លះទៀតភៀសខ្លួនចូលទៅកាន់អឺរ៉ុបដោយមានវ៉ាលីសំលៀកបំពាក់ និងបង្ហាញក្ដីសង្ឃឹមថានឹងមានសុវត្ថិភាព។

ដោយសារតែមានការហាមប្រាមពីរដ្ឋាភិបាលអ៊ុយក្រែន មិនឲ្យបុរសដែលមានអាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំចាកចេញពីប្រទេសដើម្បីឲ្យពួកគេចូលបម្រើទ័ពប្រយុទ្ធនឹងទាហានរុស្ស៊ី មានន័យថា ស្ត្រី និងកុមារជាច្រើនត្រូវតែស្វែងរកកន្លែងមានសុវត្ថិភាពដោយខ្លួនឯង។ ប្រជាពលរដ្ឋម្នាក់បានប្រាប់អ្នកសារព័ត៌មានថា រូបគាត់ខឹង និងស្អប់លោក Putin ខ្លាំងណាស់។ ចំណែកពលរដ្ឋម្នាក់ទៀតនិយាយថា គាត់ឈឺចាប់ ព្រោះពួកគាត់ត្រូវបង្ខំចិត្តចាកចេញពីប្រទេស។ ថ្លែងទៅកាន់សារព័ត៌មាន Sky News របស់អង់គ្លេសនៅលើរថភ្លើងទៅកាន់ទីក្រុង Liviv អ្នកស្រី Natalia Nekrasa បាននិយាយថា ខ្ញុំមានអារម្មណ៍តក់ស្លុតណាស់។ ខ្ញុំត្រូវនាំកូនប្រុសរបស់ខ្ញុំទៅរកកន្លែងមានសុវត្ថិភាព ប៉ុន្តែសាច់ញាតិរបស់ខ្ញុំខ្លះទៀតនៅតែបន្តរស់នៅក្នុងទីក្រុង Dnipro។

រហូតដល់ថ្ងៃទី៧ នៃសង្គ្រាមនៅតាមព្រំដែនរបស់បណ្ដាប្រទេសផ្សេងៗ ពលរដ្ឋអ៊ុយក្រែនយ៉ាងច្រើនកកកុញបានកំពុងព្យាយាមរត់ភៀសខ្លួន។ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ពលរដ្ឋអ៊ុយក្រែនជាង ៨៧៤,០០០នាក់បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។ អង្គការនេះបានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីនឹងអាចបង្ខំឲ្យជនជាតិអ៊ុយក្រែនយ៉ាងតិច ៤លាននាក់រត់ភៀសខ្លួនចេញពីប្រទេស៕
អត្ថបទ៖ សុខមាន