កងទ័ពនៃប្រទេសជាសមាជិកអង្គការណាតូ (NATO) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) នេះថា យន្តហោះចម្បាំងប៉ូឡូញ បានស្ទាក់ចាប់យន្តហោះឈ្លបយកការណ៍រុស្ស៊ី នៅលើសមុទ្របាល់ទិក ដែលកំពុងហោះហើរជិតដែនអាកាសរបស់ខ្លួន។
បណ្តាប្រទេសនៅព្រំដែនប៉ែកខាងកើតរបស់អង្គការណាតូ បានស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ទល់នឹងការលុកលុយក្នុងដែនអាកាសដែលអាចកើតមាន ចាប់តាំងពីខែកញ្ញា នៅពេលដែលយន្តហោះយោធារុស្ស៊ីចំនួន ៣គ្រឿង បានបំពានដែនអាកាសរបស់អេស្តូនីរយៈពេល ១២នាទី ត្រឹមតែមួយថ្ងៃបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ីជាង ២០គ្រឿងបានចូលទៅក្នុងដែនអាកាសប៉ូឡូញ។

កងទ័ពបានឲ្យដឹងថា៖ «នៅព្រឹកនេះ ពីលើដែនទឹកអន្តរជាតិនៃសមុទ្របាល់ទិក យន្តហោះចម្បាំងប៉ូឡូញបានស្ទាក់ និងកំណត់អត្តសញ្ញាណដោយមើលឃើញ ហើយបានហោះអមពីតំបន់ទទួលខុសត្រូវរបស់ពួកគេ នូវយន្តហោះឈ្លបយកការណ៍រុស្ស៊ីដែលហោះនៅជិតព្រំដែននៃដែនអាកាសប៉ូឡូញ»។
ជាមួយគ្នានេះ កងទ័ពក៏បានប្រាប់ឲ្យដឹងផងដែរថា នាពេលយប់ គេសង្កេតឃើញមានវត្ថុហោះចូលទៅក្នុងដែនអាកាសប៉ូឡូញ ពីទិសដៅខាងប្រទេសបេឡារុស។
កងទ័ពបានបន្ថែមថា «បន្ទាប់ពីមានការវិភាគលម្អិត វាត្រូវបានកំណត់ថា ទាំងនេះទំនងជាបាឡុងរត់ពន្ធ ដែលហោះស្របតាមទិសខ្យល់ និងមិនអាចគ្រប់ល្បឿនបាន»។ ហើយកងទ័ពបានឲ្យដឹងទៀតថា ផ្នែកមួយនៃដែនអាកាសលើតំបន់ Podlaskie ភាគឦសាននៃប្រទេសប៉ូឡូញ ដែលមានព្រំប្រទល់ជាប់បេឡារុស ត្រូវបានបិទជាបណ្តោះអាសន្ន សម្រាប់ចរាចរណ៍ស៊ីវិល ដើម្បីធានាសន្តិសុខ៕
