ប្រជាជនអ៊ុយក្រែន ប្រហែល ១ពាន់នាក់ ក្នុងសម្លៀកបំពាក់ប្រពៃណី បានដើរក្បួនឆ្លងកាត់កណ្តាលទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) ដោយកាន់ផ្កាយណូអែល និងច្រៀងចម្រៀងបុណ្យណូអែល ដើម្បីអបអរថ្ងៃដ៏ពិសេស ដោយប្រជាពលរដ្ឋបានសម្ដែងបំណងប្រាថ្នារបស់ខ្លួនថា "ចង់បានសន្តិភាព"។

ការដើរដង្ហែនេះគឺជាការប្រារព្ធបុណ្យណូអែលលើកទី៤ របស់ខ្លួនក្នុងសម័យសង្គ្រាម ក្រោមការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី ជាមួយនឹងការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ខណៈពលរដ្ឋបន្តមានសុទិដ្ឋិនិយមតិចតួចថា កិច្ចប្រឹងប្រែងការទូត នឹងនាំមកនូវទីបញ្ចប់នៃជម្លោះក្នុងពេលឆាប់ៗ។
ការអបអរបុណ្យណូអែលនេះបានកើតឡើង ខណៈទីក្រុងគីវ កំពុងរង់ចាំការឆ្លើយតបជាផ្លូវការរបស់ទីក្រុងមូស្គូ ចំពោះក្របខណ្ឌសន្តិភាព ២០ចំណុច ដែលរៀបចំឡើងដោយអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលត្រូវបានបើកបង្ហាញដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន រួមទាំងទីក្រុង Lviv ក្រុមគ្រួសារនិងទាហានមួយចំនួនដែលកំពុងឈប់សម្រាក ឬរងរបួសមិនអាចទៅសមរភូមិបាន បានប្រមូលផ្ដុំគ្នាដើរឆ្លងកាត់ដងផ្លូវទូទាំងទីក្រុង។ អ្នកចូលរួមមួយចំនួនបានកាន់ស្លាកឈ្មោះទាហានអ៊ុយក្រែនដែលបានស្លាប់ ជាការគោរពវិញ្ញាក្ខណ្ឌដល់ពួកគេ ដោយមនុស្សជាច្រើនបានសម្តែងក្តីសង្ឃឹមថា សង្គ្រាមនឹងបញ្ចប់នៅទីបំផុត ហើយបានបួងសួងឱ្យអ៊ុយក្រែនមានសុខសន្តិភាព៕


