រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ (២៥ ធ្នូ) បានបញ្ចាក់ជាថ្មីពីការសន្យារបស់លោកថា អ៊ីស្រាអែល «នឹងមិនចាកចេញ» ពីតំបន់ហ្កាហ្សា ជាដាច់ខាត ដោយប្ដេជ្ញាថា នឹងបង្កើតតំបន់សន្តិសុខធំទូលាយមួយនៅជុំវិញតំបន់ប៉ាឡេស្ទីនមួយនេះ និងអនុញ្ញាតឱ្យមានការសាងសង់លំនៅដ្ឋាននៅភាគខាងជើងនៃទឹកដីនេះផងដែរ។

កាសែត Haaretz បានរាយការណ៍ថា លោក Katz បានថ្លែងក្នុងសន្និសីទអប់រំមួយថា អ៊ីស្រាអែល នឹងបន្តរក្សាវត្តមានអចិន្ត្រៃយ៍របស់ខ្លួនក្នុងដែនដីហ្កាហ្សា និងបង្កើតរបាំងសន្តិសុខយ៉ាងទូលំទូលាយជុំវិញតំបន់នោះ។
កាលពីថ្ងៃអង្គារកន្លងទៅ លោក Katz ក៏បានធ្វើសុន្ទរកថាស្រដៀងគ្នានេះ អំពីផែនការសាងសង់តំបន់លំនៅដ្ឋាន នៅភាគខាងជើងហ្កាហ្សា ក្នុងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា បានធ្វើឱ្យរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ខឹងសម្បារយ៉ាងខ្លាំង និងបានជំរុញឱ្យលោក Katz ដកចេញនូវផ្នែកមួយចំនួនរបស់សុន្ទរកថានេះ។ ក្រោយមក រដ្ឋមន្ត្រីការពារជាតិរូបនេះបានកែសម្ដីរបស់ខ្លួនថា រដ្ឋាភិបាលអ៊ីស្រាអែល មិនកំពុងស្វះស្វែងរកការបង្កើតទីតាំងទីលំនៅ នៅតំបន់ហ្កាហ្សាទេ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានព្រមានថា ការលើកឡើងរបស់លោក Katz អាចបង្កភាពស្មុគស្មាញដល់គម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដើម្បីជួបជាមួយលោក Trump នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខ នៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយ ដែលត្រូវបានគេរំពឹងថា នឹងផ្តោតលើបញ្ហាតំបន់ហ្កាហ្សា អ៊ីរ៉ង់ លីបង់ និងស៊ីរី ជាដើម៕

