ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Piggot នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ។
តាមសេចក្តីថ្លែងការណ៍របស់លោក Tommy Piggot បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្ហាញការព្រួយបារម្ភ អំពីអំពើហិង្សាដែលកំពុងបន្តកើតមានរវាងប្រទេសកម្ពុជា និងថៃ។
លោក Tommy Piggot បញ្ជាក់បន្ថែមថា នៅក្នុងកិច្ចពិភាក្សានោះលោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញអំពីបំណងប្រាថ្នារបស់ លោកប្រធានាធិបតី Trump សម្រាប់សន្តិភាព និងតម្រូវឲ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុង កូឡាឡាំពួរ។
លោកបញ្ជាក់ថា៖«លោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់ឡើងវិញថាសហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេចក្នុងការជួយសម្របសម្រួលការពិភាក្សា ដើម្បីធានានូវសន្តិភាព និងស្ថិរភាពរវាងប្រទេសកម្ពុជា និងថៃ»៕

