តម្លៃប្រេងបានហក់ឡើងនៅថ្ងៃសុក្រ២៦ធ្នូនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបញ្ជាឱ្យបង្កើនសម្ពាធសេដ្ឋកិច្ចលើការដឹកជញ្ជូនប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា និងការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគពាយ័ព្យរបស់ប្រទេសនីហ្សេរីយ៉ា តាមការស្នើសុំរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា។

ភាគហ៊ុនប្រេងឆៅ Brentរបស់សហរដ្ឋអាមេរិក បានកើនឡើង ២៤ សេន ឬ ០,៤% ដល់ ៦២,៤៨ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០១:១៤នាទីម៉ោងសកល។ ចំណែកភាគហ៊ុនប្រេងឆៅWest Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ដែរ បានកើនឡើង ២៣ សេន ក៏ ០,៤ %ដែរ ដល់ ៥៨,៥៨ ដុល្លារ ក្នុងមួយបារ៉ែល។

ទាំងវ៉េណេស៊ុយអេឡា ទាំងនីហ្សេរីយ៉ា សុទ្ធតែជាប្រទេសផលិតប្រេងសំខាន់ៗ។ ខណៈទីតាំងផលិតប្រេងរបស់ប្រទេសនីហ្សេរីយ៉ាភាគច្រើន ស្ថិតនៅភាគខាងត្បូងនៃប្រទេស ការវាយប្រហារតាមអាកាសបានបន្ថែមហានិភ័យដល់ភូមិសាស្ត្រនយោបាយ។
សេតវិមានបានបញ្ជាឱ្យកងកម្លាំងយោធាសហរដ្ឋអាមេរិកផ្តោតលើការដាក់ប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡាឲ្យនៅឯកា យ៉ាងហោចណាស់ពីរខែខាងមុខ ដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោនបច្ចុប្បន្នចាប់អារម្មណ៍កាន់តែខ្លាំងក្នុងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចជាជាងយោធាដើម្បីដាក់សម្ពាធលើទីក្រុង ការ៉ាកាស (Caracas)។

ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងកំពុងស្ថិតនៅលើផ្លូវសម្រាប់ការធ្លាក់ចុះប្រចាំឆ្នាំដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ ២០២០ ខណៈវិនិយោគិនបានថ្លឹងថ្លែងកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងវាយតម្លៃហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ រួមទាំងនៅក្នុងប្រទេសវ៉េណេស៊ុយអេឡាផងដែរ៕