គណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃសុក្រ (២៦ ធ្នូ) នេះ បានអនុម័តសេចក្តីព្រាងថវិកាជាតិដំបូងចំនួន ១២២,៣១ សែនកោដិយ៉េន (ឬប្រមាណជា ៧៨៥ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ខណៈនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងបន្តគោលនយោបាយសារពើពន្ធបែបពង្រីក ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ស្របពេលបង្កើនការចំណាយលើវិស័យការពារជាតិ។

ថវិកាសម្រាប់ឆ្នាំក្រោយ ដែលនឹងចាប់ផ្តើមពីខែមេសា ខាងមុខនេះ នឹងរួមបញ្ចូលថវិកាប្រមាណ ៩ សែនកោដិយ៉េន សម្រាប់ការចំណាយលើវិស័យការពារជាតិ ហើយកញ្ចប់នេះនឹងត្រូវដាក់ជូនសភានៅដើមឆ្នាំ២០២៦ សម្រាប់ការអនុម័តផ្លូវការ ក្នុងតួលេខសរុបច្រើនបំផុតក្នុងកំណត់ត្រា ពោលគឺលើសពីថវិកាដំបូងនៅឆ្នាំ២០២៥ នេះ ដែលមានចំនួន ១១៥,២ សែនកោដិយ៉េន។
ក្រសួងការពារជាតិជប៉ុន បាននិយាយក្នុងឯកសារសង្ខេបមួយថា «ជប៉ុនប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមមក» ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការ «ពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនជាមូលដ្ឋាន»។

ស្នូលនៃសំណើរបស់ខ្លួនគឺថវិកាចំនួន ១០០ ពាន់លានយ៉េន សម្រាប់ប្រព័ន្ធការពារឆ្នេរសមុទ្រ ឈ្មោះថា SHIELD ដែលនឹងរៀបចំប្រព័ន្ធយានដ្រូនដើម្បីរារាំងសកម្មភាពណាមួយដោយកងទ័ពបរទេស៕
