រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រារព្ធពិធីបុណ្យណូអែល កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែធ្នូ) ដោយការបង្ហោះសារសាសនាជាច្រើនពីគណនីផ្លូវការរបស់រដ្ឋាភិបាល ជាប្រើភាសាដែលនាំឲ្យមានការរិះគន់ពីអ្នកដែលបានបង្ហាញពីការចែកដាច់ រវាងវិហារកាតូលិក និងរដ្ឋរបស់ប្រទេសនេះ។
បើទោះបីជាសមាជិកសភាជាច្រើន នៅក្នុងគណបក្សធំទាំង២ បានបង្ហោះសារនៃក្តីស្រឡាញ់ ភាពរីករាយ និងសន្តិភាពជាសកល នៅថ្ងៃបុណ្យនេះក៏ដោយ ក៏សមាជិកគណៈរដ្ឋមន្ត្រី និងទីភ្នាក់ងារមួយចំនួន បាននិយាយសំដៅដល់ព្រះយេស៊ូ និងអត្ថន័យនៃជំនឿសាសនារបស់ពិធីបុណ្យណូអែល។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានសរសេរសារថា៖ «ថ្ងៃនេះ យើងប្រារព្ធពិធីប្រសូតរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូគ្រិស្ត។ សូមឲ្យពន្លឺរស្មីរបស់ទ្រង់នាំមកនូវសន្តិភាព ក្តីសង្ឃឹម និងសេចក្តីអំណរដល់អ្នក និងគ្រួសាររបស់អ្នក» ។
សារបង្ហោះដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងការងារ បានកើតមានឡើងបន្តបន្ទាប់ ក្នុងអត្ថន័យស្រដៀងគ្នា។ លោក Rubio បានលើកឡើងថា៖ «សារដ៏រីករាយនៃបុណ្យណូអែល គឺជាក្តីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច តាមរយៈព្រះគ្រិស្ត»។
គួរដឹងថា មន្ត្រីរដ្ឋាភិបាល ជាប្រពៃណីបានចៀសវាងមិនប្រើប្រាស់ភាសាពាក់ព័ន្ធនឹងសាសនាជ្រុលហួសហេតុបែបនេះឡើយ ដោយសាររដ្ឋធម្មនុញ្ញ បានហាមឃាត់រដ្ឋមិនឲ្យប្រើភាសាសាសនាផ្លូវការ។ ឃ្លាច្បាប់នៃវិសោធនកម្មលើកទី១ (First Amendment) ហាមប្រាមរដ្ឋាភិបាលមិនឲ្យមានការបង្កើតសាសនាមួយ ឬគាំទ្រសាសនាមួយ ជាងសាសនាផ្សេងទៀត ខណៈដែលខចែងអំពីការគោរពបដិបត្តិដោយសេរី ការពារការបញ្ចេញមតិ ចំពោះគ្រប់ជំនឿសាសនាទាំងអស់៕

