តុលាការម៉ាឡេស៊ី នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ បានរកឃើញថា លោក Najib Razak មានទោស ជុំវិញការចោទប្រកាន់បន្ថែម អំពីការរំលោភបំពានអំណាច ទាក់ទងនឹងក្រុមហ៊ុនអភិវឌ្ឍន៍ 1Malaysia Development Berhad ដែលត្រូវបានគេដឹងយ៉ាងច្បាស់ថា ជារឿងអាស្រូវមូលនិធិវិនិយោគ 1MDB។ សាលក្រមដ៏វែង ដែលរួមមានការចោទប្រកាន់ជាច្រើនពីបទពុករលួយ និងការសម្អាតប្រាក់កខ្វក់ កំពុងស្ថិតក្នុងដំណើរការប្រកាសដោយចៅក្រម។
អតីតនាយករដ្ឋមន្ត្រីដែលកំពុងជាប់ពន្ធនាគាររូបនេះ បានធ្វើការសុំអភ័យទោស ចំពោះការដោះស្រាយមិនបានត្រឹមត្រូវ ចំពោះរឿងអាស្រូវនេះ ប៉ុន្តែបានបដិសេធជាប់ជានិច្ចថា មិនបានប្រព្រឹត្តនូវអំពើខុសឆ្គងផ្សេងណាមួយឡើយ ដោយទទូចថា រូបលោកត្រូវបានបោកបញ្ឆោតដោយមន្ត្រីមូលនិធិ និងពាណិជ្ជករដែលរត់គេចខ្លួន គឺលោក Jho Low ដែលធ្លាប់ត្រូវបានចាត់ទុកថា ជាសហការីជិតស្និទ្ធរបស់លោក Najib។

នៅថ្ងៃសុក្រនេះ ចៅក្រមដែលកំពុងអានសាលក្រមនោះ បានកត់សម្គាល់ពី «ចំណងទាក់ទងមិនអាចប្រកែកបាន» រវាងលោក Najib និងលោក Low។ លោកចៅក្រម Collin Lawrence Sequerah បានលើកឡើងថា៖ «គេត្រូវតែដឹងថា ជនជាប់ចោទស្ថិតក្នុងតួនាទីខ្ពស់បំផុតនៃដំណើរការធ្វើសេចក្តីសម្រេច ទាក់ទងនឹងបញ្ហា នៅក្នុងមូលនិធិវិនិយោគ 1MDB»។
ចៅក្រមរូបនេះ បានបញ្ជាក់ថា៖ «ដើម្បីពិចារណាអំពីគំនិតដ៏គួរឲ្យជឿជាក់នេះ ដែលថា មន្រ្តីក្រោមបង្គាប់របស់លោកតាមឋានានុក្រម នឹងសមគំនិតដោយចេតនា និងដោយដឹងខ្លួនច្បាស់ ប្រឆាំងនឹងនាយករដ្ឋមន្រ្តីក្នុងតំណែងនាពេលនោះ រួមជាមួយលោក Jho Low ដែលមិនមានសូម្បីតំណែងផ្លូវការ នៅក្នុងមូលនិធិវិនិយោគ 1MDB នឹងកា្លយជារឿងហួសពីការពិតពេកណាស់»។
ជាមួយគ្នានេះ តុលាការក៏បានច្រានចោលការនិទានរឿង ដែលបង្ហាញដោយមេធាវីការពារក្តីរបស់លោក Najib ដែលបានទទូចថា ចុងចោទជឿថា មូលនិធិក្នុងគណនីរបស់ខ្លួន គឺជាការបរិច្ចាគពីគ្រួសាររាជវង្សនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ លោកចៅក្រម Sequerah បានកត់សម្គាល់ថា លោក Najib នៅពេលកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងមានគ្រប់ធនធានចាំបាច់ ដើម្បីផ្ទៀងផ្ទាត់ពីការអះអាងនេះ៕
