ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា នៅថ្ងៃស្អែកនេះ បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំ-សង្កាត់ នឹងចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ ខណៈគណបក្សនយោបាយចំនួន១១ ស្នើសុំបង្កើតគណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីបេក្ខជនរបស់ខ្លួន។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លើកឡើងថា មុនឈានទៅដល់ដំណើរការជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ គជប បានដំណើរការប្រកាសអំពីបញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ២០២១ រហូតមកដល់ដំណាក់កាលបន្ទាប់នាពេលនេះ គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយដើម្បីចូលរួមការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ឯកឧត្តម បន្តថា ការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយនានា នឹងដំណើរការចាប់ពីថ្ងៃស្អែកទី០៤-០៦ ខែមីនា និងការចុះឈ្មោះបេក្ខជននឹងធ្វើឡើងតាមបណ្តាឃុំ-សង្កាត់។
ឯកឧត្តម បញ្ជាក់ថា ក្នុងពេលដំណើរការចុះឈ្មោះបេក្ខជននៅថ្ងៃស្អែកនេះ ចំពោះលក្ខខណ្ឌរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវគោរពតាមនីតិវិធីរបស់គជប រួមមាន មានសញ្ជាតិខ្មែរ និងត្រូវបានផ្ទេរសិទ្ធិជាតំណាងត្រឹមត្រូវពីគណបក្សនយោបាយ។
ក្នុងនោះ ក្រោយការចុះឈ្មោះរបស់បេក្ខជន គជប នឹងប្រើប្រាស់រយះពេលមួយសប្តាហ៍ ដើម្បីពិនិត្យចំពោះការចុះឈ្មោះបេក្ខជន និងទុករយៈពេលចំនួន៥ថ្ងៃ ដើម្បីជូនដំណឹងដល់គណបក្សនយោបាយ ក្នុងករណីការចុះឈ្មោះនោះមិនពេញលេញ ឬត្រឹមត្រូវទៅតាមលក្ខខណ្ឌរបស់គជប។
ជុំវិញដំណើរការចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយសារពួកគាត់នឹងក្លាយជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានដែលរស់នៅកៀកជាមួយប្រជាពលរដ្ឋ ហើយពួកគាត់ក៏ជាអាជ្ញាកណ្តាលជូនប្រជាពលរដ្ឋផងដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងមានប្រជាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១ ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខនៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម