អាជ្ញាធរទួរគី នៅថ្ងៃសុក្រ (ទី២៦ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ខ្លួនជនសង្ស័យជាសមាជិករបស់ក្រុមរដ្ឋឥស្លាម ISIS ដែលកំពុងរៀបចំគម្រោងវាយប្រហារ នៅថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា លោក Ibrahim Burtakucin ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការរួមគ្នាមួយដែលធ្វើឡើងដោយនគរបាល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ នៅក្នុងទីក្រុង Malatya ភាគអាគ្នេយ៍។

មន្ត្រីសន្តិសុខបានប្រាប់សារព័ត៌មាន Anadolu ថា លោក Burtakucin ជាប់ទាក់ទងជាមួយអ្នកមាននិន្នាការគាំទ្រក្រុម ISIS ជាច្រើន នៅក្នុងប្រទេសទួរគី និងនៅក្រៅប្រទេស ហើយក៏កំពុងស្វែងរកផងដែរនូវឱកាសចូលរួមការប្រយុទ្ធដែលកំពុងបន្តមាននៅក្នុងតំបន់ជម្លោះ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានរឹបអូសផងដែរនូវសម្ភារៈឌីជីថល និងការបោះពុម្ពផ្សាយដែលត្រូវបានហាមឃាត់ ពាក់ព័ន្ធនឹងក្រុម ISIS ក្នុងអំឡុងពេលមានការឆ្មក់ចូលផ្ទះរបស់ជននោះ។
ការចាប់ខ្លួននេះត្រូវបានរាយការណ៍ ក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីការិយាល័យរដ្ឋអាជ្ញារបស់ទីក្រុងអ៊ីស្តង់ប៊ុល បានឲ្យដឹងថា អាជ្ញាធរទួរគីបានធ្វើការវាយឆ្មក់ដំណាលគ្នា ដែលពួកគេបានឃុំខ្លួនសមាជិកសង្ស័យជាង ១០០នាក់នៃក្រុម ISIS ដែលត្រូវបានគេចោទប្រកាន់ថា បានរៀបចំផែនការវាយប្រហារលើពិធីបុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មី៕
