កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅតាមទីប្រជុំជនចូលរួមវេចខ្ចប់កាកសំណល់ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ដើម្បីរក្សាសុខភាពសាធារណៈ ឈានទៅរកជ័យលាភីពានរង្វាន់រំដួលបីទង នៃទិវាទីក្រុងស្អាតលើកទី១១ និងការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខ។
នៅថ្ងៃទី២ ខែមីនាម្សិលមិញ អាជ្ញាធរខេត្តកំពង់ធំ ប្រារព្ធកម្មវិធីទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត” គាំទ្រការបើកទេសចរណ៍កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា គោលបំណងនៃទិវានេះ ជំរុញ និងលើកកម្ពស់កិច្ចសហការ ការពារបរិស្ថានសំដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គឺ គ្មានសំរាម គ្មានប្លាស្ទិក នៅតាមដងផ្លូវ តាមទីផ្សារ ទីប្រជុំជន សួនច្បារសាធារណៈនានា ធានាបាននូវសុខមាលភាពរបស់ ប្រជាពលរដ្ឋឲ្យបានប្រសើរ។ ជាពិសេស ជំរុញដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាជីវករ សិស្សានុសិស្ស កម្មករ កម្មការិនី និងប្រជាពលរដ្ឋឲ្យចូលរួមសំអាតបរិស្ថានទាំងអស់គ្នា។
ឯកឧត្តម បន្តថា ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួម ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការផ្តល់សេវា ទុកដាក់សំរាម ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ និងបែងចែកសំរាម ទៅតាមលក្ខណៈ សំរាម សើម ស្ងួត រឹង រាវ ព្រមទាំងចាត់ទុកថា សកម្មភាពទុកដាក់កាកសំណល់ គឺជាកាតព្វកិច្ចទាំងអស់គ្នា ដែលត្រូវរួមគ្នាអនុវត្តន៍ប្រកបដោយទំនួលខុសត្រូវ។
ឯកឧត្តមបន្តថា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលបានផ្ការំដួល ២ទង ហើយក៏ជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ ផងដែរ។
កិច្ចការងារបន្ត យើងទាំងអស់គ្នា បាននិងកំពុងស្វាងរកចំណុចខ្វះខាត ធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបំពេញបានលក្ខខ័ណ្ឌផ្សេងៗ ដាក់ប្រកួតប្រជែងជាមួយ ខេត្ត ក្រុងផ្សេងទៀត ដើម្បីទទួលបានរំដួលបីទង អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ខាងមុខ។
ឯកឧត្តម បញ្ជាក់ថា ជំហានខាងមុខ គឺជាគោលដៅនៃការផ្លាស់ប្ដូរចំណង់ចំណូលចិត្តអ្នកទេសចរណ៍ ងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ ទេសចរណ៍តំបន់ និងតំបន់ធម្មជាតិនានា ការអភិវឌ្ឍវិស័យទេសចរណ៍ ស្របពេលដែលកម្ពុជា បង្កើនប្រសិទ្ធភាពនៃសកម្មភាពអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទៅតាមទីជនបទ ជំរុញឲ្យមានការអភិវឌ្ឍជំនាញ និងការអប់រំ ផ្សព្វផ្សាយផលិតផលទេសចរណ៍ ស្របតាមបរិបទ នៃវិស័យទេសចរណ៍ ឌីជីថល និង និន្នាការ ទីផ្សារ ទេសចរណ៍៕





