បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Kirill Dmitriev គិតថា ការជំរុញសន្តិភាពរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) ត្រូវបានគេកោតសរសើរទូទាំងពិភពលោក។

លោក Dmitriev ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានសរសេរនៅក្នុងអត្ថបទជាភាសាអង់គ្លេសមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ពិភពលោកទាំងមូលកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់លោកប្រធានាធិបតី ត្រាំ និងក្រុមរបស់លោក»។

លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បានធ្វើកិច្ចពិភាក្សាប្រហែល ពីរម៉ោង នៅរដ្ឋហ្វ្លរីដា កាលពីថ្ងៃអាទិត្យ។ យោងតាមសេចក្តីថ្លែងការណ៍ពីភាគីទាំងពីរមុនកិច្ចប្រជុំ វាត្រូវបានគ្រោងនឹងពិភាក្សាអំពីផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការធានាសន្តិសុខរវាងទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន៕