ប្រជាជនបានប្រមូលផ្តុំគ្នា នៅឯទីប្រជុំជនជាច្រើន នៅក្នុងតំបន់ផ្ដាច់ខ្លួនពីប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យ (ទី២៨ ខែធ្នូ) ដើម្បីអបអរសាទរការទទួលស្គាល់ដែនដីនេះដោយអ៊ីស្រាអែល ជាការសម្រេចមួយដែលត្រូវបានថ្កោលទោសដោយប្រធានាធិបតីសូម៉ាលីថា ជា «ការគំរាមកំហែង» ដល់ស្ថិរភាពនៅតំបន់ស្នែងអាហ្វ្រិក (Horn of Africa)។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមកថា ខ្លួនបានទទួលស្គាល់ប្រទេស Somaliland ជាផ្លូវការ ជាការប្រកាសដំបូងគេ ក្នុងការទទួលស្គាល់សាធារណរដ្ឋស្វ័យប្រកាស ដែលនៅឆ្នាំ១៩៩១ បានប្រកាសថា ខ្លួនបានបំបែកជាឯកតោភាគីចេញពីប្រទេសសូម៉ាលី។
កាលពីថ្ងៃអាទិត្យ មេដឹកនាំក្រុមហ៊ូទី បានព្រមានថា វត្តមានរបស់អ៊ីស្រាអែល នៅក្នុងដែនដី Somaliland នឹងត្រូវចាត់ទុកជា «គោលដៅយោធា»។ Somaliland ដែលបានជំរុញឲ្យមានការទទួលស្គាល់ជាអន្តរជាតិរាប់ទសវត្សរ៍មកហើយនោះ មាននូវទីតាំងជាយុទ្ធសាស្ត្រមួយ នៅឈូងសមុទ្រ Aden ហើយមានរូបិយប័ណ្ណ លិខិតឆ្លងដែន និងកងទ័ពផ្ទាល់ខ្លួន។

មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅកីឡដ្ឋានមួយ ក្នុងរដ្ឋធានី Hargeisa ជាកន្លែងដែលមនុស្សជាច្រើនមានសម្លៀកបំពាក់ពណ៌បៃតង ស និងក្រហម ដែលតំណាងឲ្យទង់ជាតិរបស់ដែនដី Somaliland។ អ្នកចូលរួមទាំងនោះបាននាំគ្នាស្រែកថា៖ «ជ័យជំម្នះ សម្រាប់ Somaliland!»។
ទង់ជាតិត្រូវបានបង្ហូតឡើងក្បែរទង់ជាតិអ៊ីស្រាអែល ក្នុងពិធីមួយដែលផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ នៅ Somaliland៕

