អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បានប្រាប់អ្នកយកព័ត៌មានថា សមយុទ្ធដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន នៅឯឆ្នេរសមុទ្រតៃវ៉ាន់ គឺជាវិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសមនេះ និងជាការឆ្លើយតបដោយផ្ទាល់ចំពោះការជ្រៀតជ្រែកពីកម្លាំងខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
លោកបានចង្អុលបង្ហាញថា៖«ទាំងនេះ គឺជាសកម្មភាពចាំបាច់ ដើម្បីការពារអធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដី ក៏ដូចជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់កម្លាំងខាងក្រៅ ដែលកំពុងព្យាយាមប្រើប្រាស់កោះតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន បំពាក់អាវុធដល់កោះនេះ និងរុញស្ថានការណ៍នៅក្នុងច្រកសមុទ្រ ឲ្យទៅដល់មាត់ជ្រោះគ្រោះថ្នាក់នៃសង្គ្រាម»។

អ្នកការទូតរូបនេះបានបន្ថែមថា រដ្ឋបាលគណបក្សប្រជាធិបតេយ្យជឿនលឿន កំពុងប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនយ៉ាងរឹងមាំ ហើយព្យាយាម «ធ្វើឲ្យប្រភពនៃបញ្ហា្កកើតមានឡើង» ដែលនឹងប្រែក្លាយកោះនេះមាន«ស្ថានភាពតានតឹង» ដែលបង្ហាញពីភាពពិតរបស់ពួកគេថា ជា «អ្នកបំផ្លាញសន្តិភាព និងជាអ្នកបង្កសង្គ្រាម»។ នាពេលថ្មីៗនេះ ទីបញ្ជាការភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន (PLA) បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធដែលពាក់ព័ន្ធនឹងសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះតៃវ៉ាន់។
នៅពាក់កណ្តាលខែធ្នូ សារព័ត៌មាន Focus Taiwan បានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសពីការយល់ព្រមលក់កញ្ចប់អាវុធជាច្រើនទៅឲ្យកោះតៃវ៉ាន់ រួមទាំងប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព (HIMARS)មីស៊ីលប្រឆាំងរថក្រោះ និងយានដ្រូន ដែលមានតម្លៃសរុបប្រមាណ ១១,១ ពាន់លាន ដុល្លារ៕
