លោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីថ្ងៃ២៩ធ្នូថា អាមេរិកបានវាយប្រហារ និងកម្ទេចគោលដៅដីគោកមួយកន្លែងក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយបញ្ជាក់ថា ជាមូលដ្ឋានកងទ័ពម៉ារីនមួយដែលប្រើសម្រាប់ការចតទូកដឹកគ្រឿងញៀន ជាអ្វីដែលអាចជាការវាយប្រហារដីគោកលើកដំបូងនៃយុទ្ធនាការយោធាប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនពីតំបន់អាមេរិកឡាទីន ។

យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងនាវាមួយគ្រឿងដែលត្រូវបានចោទប្រកាន់ថាកំពុងជួញដូរគ្រឿងញៀននៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតកាលពីថ្ងៃចន្ទ២៩ធ្នូសប្ដាហ៍នេះ ដោយបានសម្លាប់មនុស្សពីរនាក់ នេះបើយោងតាមទីបញ្ជាការភូមិភាគខាងត្បូងសហរដ្ឋអាមេរិក។
ទីបញ្ជាការខាងលើ បានសរសេរលើបណ្ដាញសង្គម X ថា នៅថ្ងៃទី២៩ខែធ្នូ ក្រោមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងសង្គ្រាមលោក Pete Hegseth ក្រុមការងារពិសេស Southern Spear បានបើកការវាយប្រហារដោយកម្លាំងលើនាវាមួយដំណើរការដោយអង្គការភេរវករដែលបានកំណត់នៅក្នុងដែនទឹកអន្តរជាតិ។
ទីបញ្ជាការដដែល បាននិយាយថា បុរសពីរនាក់ត្រូវបានសម្លាប់ ហើយគ្មានសមាជិកសេវាកម្មអាមេរិកណាម្នាក់រងរបួសនៅក្នុងការវាយប្រហារនោះទេ។
យ៉ាងហោចណាស់មនុស្ស១០៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើទូកដែលសង្ស័យថាគ្រឿងញៀន ជាផ្នែកមួយនៃយុទ្ធនាការមានឈ្មោះថា Operation Southern Spear ដែលរដ្ឋបាល លោកTrump បាននិយាយថាមានគោលបំណងកាត់បន្ថយការជួញដូរគ្រឿងញៀន៕

