សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានសន្យាផ្តល់ជំនួយចំនួន២ពាន់លានដុល្លារអាមេរិកដល់ប្រជាជនរាប់លាននាក់ដែលកំពុងប្រឈមនឹងភាពអត់ឃ្លាននិងជំងឺនៅក្នុងប្រទេសជាងដប់នៅឆ្នាំក្រោយ ជាផ្នែកមួយនៃអ្វីដែលខ្លួនបាននិយាយថាជាយន្តការថ្មីសម្រាប់ការផ្តល់ជំនួយសង្គ្រោះជីវិតបន្ទាប់ពីការកាត់ជំនួយបរទេសដ៏សំខាន់ធ្វើឡើងដោយរដ្ឋបាលលោក Trump។

សហរដ្ឋអាមេរិក បានកាត់បន្ថយការចំណាយលើជំនួយរបស់ខ្លួននៅឆ្នាំនេះ ហើយប្រទេសផ្តល់ជំនួយឈានមុខរបស់លោកខាងលិច ដូចជាប្រទេសអាល្លឺម៉ង់ ក៏បានកាត់បន្ថយជំនួយផងដែរ ខណៈប្រទេសទាំងនេះបានងាកទៅរកការបង្កើនការចំណាយលើវិស័យការពារជាតិ ដែលបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរសម្រាប់អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសបាននិយាយថា ជំនួយរាប់ពាន់លានដុល្លារដែលបានសន្យាដោយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទនឹងត្រូវបានពិនិត្យដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ក្រោមអ្វីដែលខ្លួនបានចាត់ទុកថាជាគំរូថ្មីនៃជំនួយដែលបានព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ ក្នុងគោលបំណងធ្វើឱ្យការផ្តល់មូលនិធិជំនួយនិងការដឹកជញ្ជូនជំនួយកាន់តែមានប្រសិទ្ធភាព និងបង្កើនការទទួលខុសត្រូវចំពោះការចំណាយមូលនិធិ។

ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ការចូលរួមចំណែកមនុស្សធម៌សរុបរបស់សហរដ្ឋអាមេរិកចំពោះអង្គការសហប្រជាជាតិបានធ្លាក់ចុះមកត្រឹមប្រហែល ៣,៣៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលស្មើនឹងប្រហែល ១៤,៨ ភាគរយនៃចំនួនសរុបសកល។ ចំនួននេះបានធ្លាក់ចុះយ៉ាងខ្លាំងពី ១៤,១ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន និងឈានដល់កម្រិតខ្ពស់ ១៧,២ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០២២។ មន្ត្រីមកពីក្រសួងការបរទេស និងអង្គការសហប្រជាជាតិ បាននិយាយនៅទីក្រុងហ្សឺណែវថា សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ១៧ច្បាប់ ជាមួយប្រទេសនីមួយៗដែលត្រូវបានកំណត់ដោយសហរដ្ឋអាមេរិកថាជាប្រទេសអាទិភាព។