ភ្នំពេញ ៖ កម្ពុជា-ម៉ាឡេស៊ី បានកត់សម្គាល់អំពីបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើតមាន ដូចជាបញ្ហាជំងឺរាតត្បាតជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកស្ដីពីទស្សនកិច្ចផ្លូវការរបស់មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ីនៅកម្ពុជា ចេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
ប្រភពដដែលបន្តថាភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីជំរុញការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនានា និងបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហ្ស៊ីន (Tan Sri Dato Seri Zamrose Bin Mohd Zain) មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមនាយឧត្តមសេនីយ៍បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមីនា ឆ្នាំ២០២២។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថាក្រៅពីលើកឡើងពីបញ្ហាប្រឈមភាគីទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក៏បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី គឺបានដំណើការបោះជំហានទៅមុខ និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ជាអាទិ៍ ការបណ្តុះបណ្តាលសិក្ខាកាមយោធិនកម្ពុជាតាមរយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញចូលរួមរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី(Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវី (Langkawi International Maritime and Aero- space Exhibition-LIMA) ជាដើម។ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្មស៊ីជម្រៅ និងរឹងមាំថែមទៀត។ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើគោលគំនិត និងទិសដៅនៃកិច្ចសហប្រតិបត្តិការមួយចំនួនដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ៕ អត្ថបទ ៖ គង់ ឌីន





