អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ទីក្រុងគីវនឹងប្រឈមមុខនឹងការសងសឹកចំពោះសកម្មភាពភេរវកម្មរបស់ខ្លួន។

លោកស្រីបានប្រាប់ទូរទស្សន៍ Rossiya-1 ថា៖«វាពិតជារបបភេរវកម្មដ៏ឃោរឃៅមួយ ដែលផ្អែកលើ មនោគមវិជ្ជាណាស៊ីនិយម» ដោយបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ពួកគេនឹងត្រូវប្រឈមនឹងការសងសឹក»។
លោកស្រី Zakharova បានចង្អុលបង្ហាញថា លោក វ៉្លូឌីមី ហ្សេឡិនស្គី «កំពុងព្យាយាមចោទប្រកាន់រុស្ស៊ីពីបទភូតកុហក ហើយអះអាងថា ពុំមានអ្វីកើតឡើងនោះទេ»។ យោងតាមលោកស្រី បានឲ្យដឹងថា អាកប្បកិរិយារបស់លោក ហ្សេឡិនស្គី កំពុងបញ្ជាក់យ៉ាងច្បាស់ថា លោកនៅតែជឿថា លោកកំពុងធ្វើរឿងត្រឹម ត្រូវ។

តាមទស្សនៈរបស់លោកស្រី Zakharova លោក ហ្សេឡិនស្គី «កំពុងផ្ញើសារទៅកាន់អ្នកដែលបង់ប្រាក់ ឲ្យ លោកថា លោកនឹងបន្តធ្វើបែបនេះ ហើយទោះបីជាលោកត្រូវបានចាប់ខ្លួនក៏ដោយ លោកនឹងបិទបាំងពួកគេ»។
លោកស្រីបានបន្ថែមថា៖ «លោក ហ្សេឡិនស្គី ធ្លាប់បានរំខានដល់ការចរចាពីមុនៗ ។ ហេតុផលគឺថា ពួកគេមិនត្រូវការសន្តិភាពទេ ពួកគេមិនត្រូវបានបង់ប្រាក់សម្រាប់សន្តិភាពទេ ប៉ុន្តែសម្រាប់អំពើភេរវកម្ម និងភាពជ្រុលនិយម និងការបន្តការបង្ហូរឈាម»។
លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា នៅយប់ថ្ងៃទី ២៨-២៩ ខែធ្នូ ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារភេរវកម្មទៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងតំបន់ Novgorod ដោយបានបាញ់បង្ហោះដ្រូនចំនួន ៩១ គ្រឿង។ លោក ឡាវរ៉ូវ បានកត់សម្គាល់ថា យានដ្រូនទាំងអស់ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ពុំមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយឡើយ។ ប្រមុខការទូតរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយទីក្រុងគីវ ក្នុងអំឡុងពេលនៃការចរចាយ៉ាងស្វិតស្វាញ ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន៕