ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា វីរយុទ្ធជនកម្ពុជា និង យោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចំពោះ ស្ថានភាពពលរដ្ឋភៀសសឹក ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង ១រសៀលថ្ងៃនេះ មានជនភៀសសឹក ១ ៣៨០នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៩៥ ៥៤៥នាក់ ក្នុងនោះស្ត្រី ៣១០ ៨៤៤នាក់ និងកុមារ ១៨៧ ២៩២នាក់។

