ប្រទេសប៉ូឡូញ និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៣,៣ពាន់លានអឺរ៉ូ (៣,៨ពាន់លានដុល្លារ) ដើម្បីសហការផលិតមីស៊ីលរយៈចម្ងាយមធ្យមមានប្រព័ន្ធនាំផ្លូវយ៉ាងជាក់លាក់ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការការពារជាតិថ្មី។
កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទ (ទី២៩ ខែធ្នូ) ដោយទីភ្នាក់ងារសព្វាវុធរបស់ប្រទេសប៉ូឡូញ និងសម្ព័ន្ធក្រុមហ៊ុន Hanwha របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន WB Group របស់ប៉ូឡូញ។ នេះបើយោងតាមសេចក្ដីរាយការន៍របស់ប្រព័ន្ធផ្សព្វផ្សាយ TVP World របស់ប៉ូឡូញ។

ក្រុមមន្ត្រីបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គ្របដណ្តប់ការផលិតរួមគ្នានូវមីស៊ីលចម្ងាយមធ្យម CGR-080 ជាង ១០.០០០គ្រាប់ សម្រាប់ប្រព័ន្ធបាញ់រ៉ូកែត Homar-K របស់ប៉ូឡូញ។
នៅក្រោមកិច្ចព្រមព្រៀងនេះ រោងចក្រផលិតរួមគ្នាប៉ូឡូញ-កូរ៉េខាងត្បូង នឹងត្រូវបានសាងសង់ឡើង នៅទីក្រុង Gorzow Wielkopolski ភាគពាយព្យរបស់ប្រទេសប៉ូឡូញ។ ការបញ្ជូនមីស៊ីលត្រូវបានគេគ្រោងធ្វើ នៅចន្លោះឆ្នាំ២០៣០ ដល់ឆ្នាំ២០៣៣។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯងកាន់តែខ្លាំង នៅក្នុងវិស័យការពារជាតិ៕
