ប្រជាជននៅរដ្ឋធានីប្រទេសឈីលី បានស្វែងរកភាពធូរស្បើយនៅក្រោមម្លប់ និងប្រភពទឹក កាលពីថ្ងៃអង្គារ ទី៣០ ខែធ្នូ ខណៈរលកកម្តៅធ្ងន់ធ្ងរបានជំរុញឱ្យសីតុណ្ហភាពកើនលើសពី៣៦អង្សាសេ បង្កឱ្យមានការព្រមានពណ៌ក្រហមនៅទូទាំងប្រទេសឈីលីភាគកណ្តាល និងជំរុញឱ្យមានចំហេះព្រៃរាប់រយកន្លែង។

អង្គភាពសេវាបង្ការនិងឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ប្រទេសឈីលី បានប្រកាសពីការព្រមានពណ៌ក្រហម សម្រាប់តំបន់ Greater Santiago និងតំបន់ភាគកណ្តាលចំនួនប្រាំតំបន់ផ្សេងទៀត ខណៈរលកកម្តៅដែលបានចាប់ផ្តើមនៅសប្តាហ៍នេះ ដែលត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃពុធ ទី៣១ ខែធ្នូនេះ។
នាយកដ្ឋានឧតុនិយមព្យាករពីសីតុណ្ហភាពចន្លោះពី ៣៣អង្សាសេ និង៣៦អង្សាសេ នៅទីក្រុងSantiago និងតំបន់ជុំវិញនោះ ដោយតំបន់ភ្នំមួយចំនួនឡើងដល់៣៧អង្សាសេ។ នៅតាមដងផ្លូវនៃទីក្រុង Santiago អ្នកទេសចរបានការពារខ្លួនដោយពាក់មួកនិងប្រើប្រាស់ឆ័ត្រ។

ស្ថានភាពក្ដៅខ្លាំង បានបង្កើតស្ថានភាពចំហេះព្រៃដ៏គ្រោះថ្នាក់។ លោក Manuel Vera មេបញ្ជាការនៃសាជីវកម្មព្រៃឈើជាតិឈីលីបាននិយាយថា រដូវកាលនេះបានឃើញចំហេះព្រៃប្រហែល៤០០ករណីរួចហើយ។