ភ្នំពេញ៖ អាជ្ញាធរតាមខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ កំពុងបំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញការងារចាក់វ៉ាក់សាំង តាមរយៈការចុះទៅត្រួតពិនិត្យចំនួនអ្នកចាក់វ៉ាក់សាំងតាមរោងចក្រដោយផ្ទាល់ ដើម្បីជំរុញឱ្យកម្មករកម្មការិនីដែលពុំទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ទាំងដូសទី៣ និងដូសទី៤ ត្រូវរួសរាន់ទៅទទួលការចាក់ រឺមានការរៀបចាក់ក្នុងរោងចក្រដោយផ្ទាល់។
អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុង ជំរុញលើការងារចាក់វ៉ាក់សាំង ទាំងការចាក់វ៉ាក់សាំងជូនក្មេងៗ និងការចាក់វ៉ាក់សាំងដូសទី ៣ ដូសទី ៤ជូនមនុស្សពេញវ័យផងដែរ។
ពាក់ព័ន្ធនឹងការងារនេះ ការចាក់វ៉ាក់សាំងដូសទី ៣ និងដូសទី ៤ ជូនកម្មករកម្មការិនី ក៏ជាផ្នែកសំខាន់ផងដែរ ព្រោះថាទីតាំងរោងចក្រជាទីតាំងប្រមូលផ្ដុំ។
ចំពោះការងារវ៉ាក់សាំងដូសជំរុញសម្រាប់កម្មករ កម្មការិនី អាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះត្រួតពិត្យ នៅតាមរោងចក្រ សហគ្រាស នីមួយៗក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីដឹងច្បាស់ពីចំនួនកម្មករកម្មការិនី ដែលបានចាក់ដូសទី ៣និងដូសទី៤រួចរាល់ និងចំនួនអ្នកដែលពុំទាន់បានទៅចាក់វ៉ាក់សាំង ។
តាមការលើកឡើងរបស់លោក ជ គឹមស៊ អាភិបាលរងខណ្ឌដង្កោ លើកឡើងថា ការចុះត្រួតពិនិត្យរោងចក្រមួយចំនួនមកនេះ បានរកឃើញថា ចំនួនកម្មករកម្មការិនីភាគច្រើន បានចាក់វ៉ាក់សាំងដូសទី ៣ដូសទី ៤រួចរាល់។ ចំណែកចំនួនអ្នកដែលពុំទាន់បានចាក់ គឺមានចំនួនតិចតួចប៉ុណ្ណោះ។
លោក បន្តថា ករណីនេះ គឺអាជ្ញាធរជំរុញទៅរោងចក្របញ្ជូនកម្មករកម្មការិនីទៅទទួលការចាក់នៅទីតាំងចាក់វ៉ាក់សាំងទាំង ៨ទីតាំងក្នុងខណ្ឌដង្កោ។
ក្នុងករណីដែលរកឃើញថា ចំនួនកម្មករកម្មការិនី នៅរោងចក្រណាមួយ មិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញក្នុងចំនួនច្រើន អាជ្ញាធរ នឹងមានការរៀបចំក្រុមគ្រូពេទ្យជំនាញ ដើម្បីចុះទៅចាក់វ៉ាក់សាំងដល់ទីតាំងរោងចក្រដោយផ្ទាល់។
រាជរដ្ឋាភិបាលកម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅទាំងអស់ ដោយចាប់រាប់ពី កុមារដែលមានអាយុចាប់ពី ឆ្នាំឡើងទៅ។
ផ្អែកលើទិន្នន័យរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ខែមីនាឆ្នាំ ២០២២ គឺកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងចំនួន ៩១,៦៥ % នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់៕អត្ថបទ៖ គឹមហុក