នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីរ៉ង់កំពុងស្តារការផលិតមីស៊ីលបាលីស្ទីក ឡើងវិញ។
ក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន Fox News មេដឹកនាំរដ្ឋជ្វីហ្វរូបនេះ ត្រូវបានគេសួរអំពីរបៀបដែលលោកប៉ាន់ប្រមាណវឌ្ឍនភាពរបស់សាធារណរដ្ឋឥស្លាម ក្នុងការស្តារកម្មវិធីមីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែររបស់ខ្លួនឡើង។ លោកបានប្រាប់ Fox News នៅក្នុងបទសម្ភាសន៍ថា៖«យើងបានរារាំង ពួកគេពីការបន្តវិស័យទាំងពីរនេះ ប៉ុន្តែអ្នកដឹងទេ ពួកគេនឹងនៅតែព្យាយាម»។

ណេតាន់យ៉ាហ៊ូ បានអះអាងថា បន្ទាប់ពីរោងចក្រនុយក្លេអ៊ែរ Fordow ត្រូវបាន «បំផ្លាញចោល» ទីក្រុងតេអេរ៉ង់អាចព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនៅ «ទីតាំងផ្សេងទៀត»។
លោក បាននិយាយថា៖«ពួកគេក៏កំពុងព្យាយាមស្តាររោងចក្រផលិតមីស៊ីលបាលីស្ទីករបស់ពួកគេឡើងវិញដែរ» ដោយបន្ថែមថា អ៊ីរ៉ង់ «កំពុងត្រឡប់ទៅផលិតកម្មវិញ»៕
