ជប៉ុននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់ នឹងបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយពួកគេបានបង្ហាញក្តីបារម្ភដល់ទីក្រុងប៉េកាំង ។
លោក Toshihiro Kitamura គឺជាអ្នកនាំពាក្យក្រសួងការបរទេសជប៉ុន និយាយថា សមយុទ្ធយោធាកាលពីពេលថ្មីៗនេះ ធ្វើឡើងដោយយោធាចិននៅជុំវិញកោះតៃវ៉ាន់ បង្កសកម្មភាពដែលបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយរដ្ឋាភិបាលជប៉ុនសូមបង្ហាញពីក្តីបារម្ភរបស់ខ្លួនដល់ភាគីចិន ។
លោក Kitamura និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាបានក្លាយជាគោលជំហរជាប់លាប់របស់រដ្ឋាភិបាលជប៉ុនថា ខ្លួនរំពឹងថា បញ្ហាជុំវិញកោះតៃវ៉ាន់ត្រូវដោះស្រាយគ្នាដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ។
លោកបន្តថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ សំខាន់សម្រាប់សហគមន៍អន្តរជាតិទាំងមូល ។
សមយុទ្ធយោធារបស់ចិនក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងយន្តហោះចម្បាំងរាប់សិបគ្រឿង ហើយនាវាកងទ័ពជើងទឹក ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្លែងធ្វើជាបិទកំពង់ផែសំខាន់ៗរបស់កោះតៃវ៉ាន់ និងវាយប្រហារគោលដៅសមុទ្រ ។
សូមបញ្ជាក់ថា ចិនចាត់ទុកកោះតៃវ៉ាន់ថាជាខេត្តផ្តាច់ខ្លួនរបស់ខ្លួន ហើយពួកគេពុំបដិសេធន៍នោះទេចំពោះវិធានការយោធា ដើម្បីរឹបអូសកោះប្រជាធិបតេយ្យមួយនេះ ៕