លោកប្រធានាធិបតី Vladimir Putin បានជំរុញឲ្យប្រជាជនរុស្ស៊ីជឿជាក់លើជ័យជម្នះនៅអ៊ុយក្រែន ក្នុងអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់លោកនៅថ្ងៃពុធ ៣១ ធ្នូ សប្ដាហ៍នេះ ខណៈប្រទេសរបស់លោកបានប្រារព្ធថ្ងៃឈប់សម្រាក ស្របពេលសង្គ្រាមឈានចូលដល់ឆ្នាំទី៥។

សុន្ទរកថារបស់លោក ដែលមានរយៈពេលជាងបីនាទី បានបិទបញ្ចប់ឆ្នាំ២០២៥ ដែលត្រូវបានសម្គាល់ដោយការរុលទៅមុខជាបន្តបន្ទាប់របស់រុស្ស៊ីនៅលើសមរភូមិ ការស្លាប់ និងរបួសយោធាកើនឡើងទាំងសងខាង និងការជំរុញការទូតដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។
រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានបាញ់យានដ្រូនរាប់សិបគ្រឿងទៅលើគេហដ្ឋានមួយរបស់លោក Putin កាលពីដើមសប្តាហ៍នេះ ជាការអះអាងមួយដែលទីក្រុងគីវបាននិយាយថា ទីក្រុង មូស្គូបានប្រឌិតឡើងដើម្បីរាំងស្ទះដំណើរការសន្តិភាព។
ប្រេសិតពិសេសអាមេរិក លោក Steve Witkoff បានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងក្រុមទីប្រឹក្សាសន្តិសុខអឺរ៉ុប អំពីការធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងសន្តិភាពវិលមករកផ្លូវត្រូវវិញនៅក្នុងឆ្នាំថ្មី ដោយនិយាយថាមានការងារសំខាន់កំពុងរង់ចាំនៅខាងមុខ។
លោក Putin ពុំបាននិយាយអំពីឧប្បត្តិហេតុយានដ្រូនក្នុងសុន្ទរកថារបស់លោកទេ ផ្ទុយទៅវិញ លោកបានឧទ្ទិសសុន្ទរកថាខ្លីរបស់លោកភាគច្រើនដល់ "យុទ្ធជន និងមេបញ្ជាការ" នៅអ៊ុយក្រែន។
មេដឹកនាំរុស្ស៊ីរូបនេះ តែងតែប្រាប់ពលរដ្ឋរបស់លោកថា យោធាមានបំណងរឹបអូសយកដីអ៊ុយក្រែននៅសល់ ដែលលោកបានប្រកាសថានឹងជារបស់រុស្ស៊ីដោយការប្រើកម្លាំង ប្រសិនបើការចរចាបរាជ័យ៕

