ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញទណ្ឌកម្មជុំថ្មីមួយទៀតដែលមានគោលបំណងធ្វើឱ្យឧស្សាហកម្មប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡានៅឯកោ ជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធរបស់ប្រធានាធិបតី លោក Donald Trump ប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះ។

ទណ្ឌកម្មដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ គឺដាក់គោលដៅលើក្រុមហ៊ុនចំនួនបួន និងនាវាដឹកប្រេងរបស់ក្រុមហ៊ុនដែលពាក់ព័ន្ធ ដោយត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡា។
លោក Trump បានអះអាងថា មេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ដឹកនាំរដ្ឋាភិបាលដែលគេហៅថា «ភេរវករគ្រឿងញៀន» ស្វែងរកការធ្វើឱ្យសហរដ្ឋអាមេរិកមានអស្ថិរភាព ជាការចោទប្រកាន់ដដែលៗនៅក្នុងសេចក្តីប្រកាសដាក់ទណ្ឌកម្មចុងក្រោយបំផុត។

ប្រេងឥន្ធនៈ គឺជាការនាំចេញចម្បងរបស់ប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែរដ្ឋបាលលោក Trump បានស្វែងរកការកាត់ផ្តាច់ប្រទេសនេះចេញពីទីផ្សារអន្តរជាតិ។ សេចក្តីប្រកាសកាលពីថ្ងៃពុធ បានចោទប្រកាន់នាវាដឹកប្រេងចំនួនបួនមាន នាវា Nord Star, Rosalind, Valiant និងនាវា Della ពីបទជួយដល់វិស័យប្រេងរបស់ប្រទេសវ៉េណេស៊ុយអេឡាឱ្យគេចវេសពីទណ្ឌកម្មដែលមានស្រាប់ ដោយផ្តល់ «ធនធានហិរញ្ញវត្ថុជំរុញរបបភេរវករគ្រឿងញៀនខុសច្បាប់របស់លោក Maduro»។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារបាននិយាយថា «លោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់ថា «យើងនឹងមិនអនុញ្ញាតឱ្យរបប លោក Maduro ខុសច្បាប់ទទួលបានប្រាក់ចំណេញពីការនាំចេញប្រេងនោះទេ ខណៈគ្រឿងញៀនហូរចូលទៅក្នុងសហរដ្ឋអាមេរិក»។ «ក្រសួងរតនាគារ នឹងបន្តអនុវត្តយុទ្ធនាការដាក់សម្ពាធរបស់លោកប្រធានាធិបតី Trump លើរបបរបស់លោក Maduro»។