ពលរដ្ឋភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា កំពុងបង្ហាញភាពអាសន្នអំពីបម្រាមរបស់អ៊ីស្រាអែលទៅលើក្រុមផ្តល់ជំនួយអន្តរជាតិរាប់សិបក្រុម និងសេវាសង្គ្រោះជីវិតនៅក្នុងដែនដីដែលត្រូវបានបំផ្លិចបំផ្លាញ។

លោក Siraj al-Masri ពលរដ្ឋប៉ាឡេស្ទីនម្នាក់នៅទីក្រុង Khan Younis បាននិយាយថា យើង «គ្មានជម្រើសទេ» ក្រៅពីអង្គការផ្តល់ជំនួយដែលជួយដល់ពលរដ្ឋប៉ាឡេស្ទីនត្រូវបានហ៊ុមព័ទ្ធនៅក្នុងតំបន់ហ្កាហ្សា។ លោក al-Masri បានប្រាប់សារព័ត៌មាន Al Jazeera ថា «តើយើងត្រូវទៅណា? យើងគ្មានប្រាក់ចំណូល គ្មានលុយទេ»។

អ៊ីស្រាអែល កំពុងមានចំណាត់ការដកហូតអាជ្ញាប័ណ្ណរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិចំនួន៣៧អង្គការ រួមទាំងអង្គការគ្រូពេទ្យគ្មានព្រំដែន ខណៈខ្លួនជំរុញបម្រាមលើអង្គការដែលជួយដល់ពលរដ្ឋប៉ាឡេស្ទីន ក្នុងចំណោមនោះក៏មានទីភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ ដោយការចោទប្រកាន់មិនបានបញ្ជាក់អំពីទំនាក់ទំនងជាមួយក្រុមហាម៉ាសទេ។
អ៊ីស្រាអែលបាននិយាយថា បម្រាមចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ហើយក៏រួមបញ្ចូលទាំងក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស អង្គការCARE International និងគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ ក្នុងចំណោមក្រុមដទៃទៀត គឺផ្តើមចេញពីនិយ័តកម្មថ្មីដែលតម្រូវឱ្យអង្គការជំនួយបង្ហាញព័ត៌មានលម្អិតអំពីបុគ្គលិក និងការងាររបស់ពួកគេ។