ប្រធានាធិបតីចិន លោក Xi Jinping បានសន្យាថានឹងបង្រួបបង្រួមប្រទេសចិន និងតំបន់តៃវ៉ាន់ឡើងវិញ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក នៅយប់ឆ្លងឆ្នាំសកល ទី៣១ ខែធ្នូ នៅទីក្រុងប៉េកាំង។ ថ្លែងរយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការបញ្ចប់សមយុទ្ធយោធាដ៏ធំមហិមារបស់ចិន ជុំវិញកោះតៃវ៉ាន់ លោក Xi បានលើកឡើងថា “ការបង្រួបបង្រួមមាតុភូមិរបស់ចិន ដែលជានិន្នាការនៃសម័យកាល គឺមិនអាចបញ្ឈប់បានឡើយ”។

ប្រទេសចិន អះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្ដេជ្ញាជាយូរមកហើយថា នឹងក្រសោបមកគ្រប់គ្រង ដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។ ចារកម្មអាមេរិក កំពុងបារម្ភកាន់តែខ្លាំងអំពីសមត្ថភាពរីកចម្រើនរបស់កងកម្លាំងប្រដាប់អាវុធចិន ក្នុងសកម្មភាពបែបនេះ ប្រសិនបើលោក Xi សម្រេចចិត្តថា ពេលវេលាត្រឹមត្រូវមកដល់។

ថ្លែងនៅទីក្រុងប៉េកាំង នាល្ងាចថ្ងៃពុធមុនចូលឆ្នាំសកល លោក Xi បាននិយាយថា ប្រទេសចិន «ឱបក្រសោបពិភពលោកដោយក្ដីស្វាគមន៍» ហើយបានគូសបញ្ជាក់ពីសន្និសីទពហុភាគីជាច្រើនដែលរៀបចំដោយទីក្រុងប៉េកាំងនៅឆ្នាំ២០២៥។ ចំណុចកណ្តាលនៃចក្ខុវិស័យរបស់លោក Xi អំពីសណ្តាប់ធ្នាប់ពិភពលោកថ្មី គឺជាការជុំជាតិរបស់កោះតៃវ៉ាន់ និងការគាំទ្រដ៏មុតមាំពីប្រទេសដទៃទៀត ក្នុងការទទួលស្គាល់ថា តំបន់តៃវ៉ាន់ជាផ្នែកនៃ «ប្រទេសចិនតែមួយ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃពុធដដែលនោះថា៖ ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ គឺសកម្មភាពផ្ដាច់ខ្លួនរបស់កងកម្លាំង «ឯករាជ្យតៃវ៉ាន់» ព្រមទាំងការឃុបឃិត និងការគាំទ្រពីខាងក្រៅចំពោះសកម្មភាពទាំងនេះ៕

