សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃពុធ (៣១ ធ្នូ) ថា ស្ថានភាពវិវឌ្ឍថ្មីៗក្នុងខេត្ត Hadramout និង Al Mahra របស់ប្រទេសយេម៉ែន បានគំរាមកំហែងនាំមកនូវហានិភ័យថ្មីៗដល់តំបន់ឈូងសមុទ្រ។ ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យប្លុកអឺរ៉ុបមួយរូបបាននិយាយថា “សហភាពអឺរ៉ុប អំពាវនាវឱ្យបន្ធូរភាពតានតឹង និងជៀសវាងជំហានដែលគំរាមកំហែងខ្លាំងឡើងដល់ស្ថិរភាពយេម៉ែន និងតំបន់ទាំងមូល”។

អ្នកនាំពាក្យរូបនេះបន្ថែមថា «សហភាពអឺរ៉ុប សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះឯកភាព អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់យេម៉ែន ក៏ដូចជាការគាំទ្ររបស់ខ្លួនចំពោះក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតី និងរដ្ឋាភិបាលយេម៉ែន»។

ការព្រមាននេះកើតឡើងបន្ទាប់ពីកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអង្គារ បានវាយប្រហារកំពង់ផែ Mukalla ភាគខាងត្បូងយេម៉ែន។ ការវាយប្រហារច្រកអាកាសទៅលើដែលទីក្រុងរីយ៉ាដហៅថា ជាបណ្ដាញដឹកជញ្ជូនអាវុធដែលមានទំនាក់ទំនងជាមួយអារ៉ប់រួមនោះ គឺជាកំណើនភាពតានតឹងដ៏សំខាន់បំផុត រហូតមកទល់បច្ចុប្បន្ន នៅក្នុងភាពប្រេះស្រាំកាន់តែធំរវាងរាជាធិបតេយ្យឈូងសមុទ្រទាំងពីរ។

អារ៉ាប៊ីសាអ៊ូឌីត ចោទអារ៉ាប់រួមថា បានដាក់សម្ពាធលើក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) របស់ក្រុមផ្ដាច់ខ្លួនយេម៉ែន ឱ្យវាយរុញឆ្ពោះទៅព្រំដែននៃព្រះរាជាណាចក្រនេះ ហើយបានប្រកាសថា សន្តិសុខជាតិរបស់ខ្លួនគឺជា «បន្ទាត់ក្រហម»។ អារ៉ាប់រួម បានប្រកាសដកកងកម្លាំងសេសសល់មួយចំនួនតូចរបស់ខ្លួននៅយេម៉ែន ដើម្បីបន្ធូរភាពតានតឹងសម្រាប់ពេលនេះ ប៉ុន្តែសំណួរនៅតែមានថា តើអារ៉ាប់រួម នឹងបន្តគាំទ្រក្រុម STC ទៀតឬយ៉ាងណា៕