ក្នុងសុន្ទរកថាឆ្នាំថ្មីទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy កាលពីយប់ថ្ងៃពុធ (៣១ ធ្នូ) បានបញ្ជាក់ពីការប្ដេជ្ញាចិត្តថា អ៊ុយក្រែនចង់បញ្ចប់សង្គ្រាម ប៉ុន្តែមិនមែនទោះក្នុងតម្លៃណានោះទេ ដោយបន្ថែមថា លោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព «ទន់ខ្សោយ» ដែលនឹងគ្រាន់តែអូសបន្លាយសង្គ្រាមជាដាច់ខាត។

ដោយអង្គុយក្នុងការិយាល័យប្រធានាធីបតីរបស់ខ្លួន លោក Zelenskyy បាននិយាយថា ប្រជាជនអ៊ុយក្រែន ហត់នឿយខ្លាំងណាស់ដោយសង្គ្រាមជិត ៤ឆ្នាំមកនេះ — ដែលយូរជាងការកាន់កាប់លើទីក្រុងជាច្រើនរបស់អ៊ុយក្រែន ក្នុងសង្គ្រាមលោកលើកទីពីររបស់អាល្លឺម៉ង់ទៅទៀត — ប៉ុន្តែប្រជាជនអ៊ុយក្រែន មិនបានត្រៀមខ្លួនចុះចាញ់ឡើយ។
ក្នុងសុន្ទរកថារយៈពេល ២១នាទីដែលចេញផ្សាយមុនម៉ោង ១២យប់នៅអ៊ុយក្រែន លោក Zelenskyy បានបន្តថា៖ អ្វីដែលអ៊ុយក្រែនចង់បានគឺសន្តិភាព ប៉ុន្តែមិនមែនក្នុងតម្លៃណាក៏ដោយនោះទេ។ អ៊ុយក្រែនចង់បញ្ចប់សង្គ្រាម ប៉ុន្តែមិនមែនជាទីបញ្ចប់នៃអ៊ុយក្រែននោះឡើយ»។ លោកសង្កត់ធ្ងន់ថា ហត្ថលេខាណាមួយ «ដែលចុះទៅលើកិច្ចព្រមព្រៀងដ៏ទន់ខ្សោយ មានតែជំរុញឱ្យសង្គ្រាមកាន់តែខ្លាំងឡើង»។
មេដឹកនាំអ៊ុយក្រែនរូបនេះបានលើកឡើងយ៉ាងមុតមាំថា «ហត្ថលេខារបស់លោក នឹងចុះទៅលើកិច្ចព្រមព្រៀងដ៏រឹងមាំមួយតែប៉ុណ្ណោះ។ នោះហើយជាអ្វីដែលរាល់កិច្ចប្រជុំ រាល់ជំនួបទូរសព្ទ និងរាល់ការសម្រេចចិត្ត បានផ្តោតនាពេលនេះ។ ដើម្បីធានាបានសន្តិភាពដ៏រឹងមាំសម្រាប់អ្នកគ្រប់គ្នា មិនមែនសម្រាប់តែមួយថ្ងៃ មួយសប្តាហ៍ ឬពីរខែទេ ប៉ុន្តែសន្តិភាពសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខ»៕

