រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាខ្លួនមិនខ្លាចសង្គ្រាមក៏ដោយ អ៊ីរ៉ង់ «មិនដែលស្វែងរកជម្លោះ» ជាមួយសហរដ្ឋអាមេរិកទេ ហើយបើកចំហចំពោះការចរចា «ពិតប្រាកដ និងហ្មត់ចត់»។

លោកបានធ្វើការអត្ថាធិប្បាយនេះនៅលើប្រព័ន្ធផ្សព្វផ្សាយ X មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមកំហែងអ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារយោធាដ៏ធំមួយ ប្រសិនបើទីក្រុងតេអេរ៉ង់បន្តកម្មវិធីមីស៊ីលបាលីស្ទីក ឬអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ដោយអះអាងថា អ៊ីរ៉ង់មិនដែលស្វែងរកជម្លោះជាមួយសហរដ្ឋអាមេរិកទេ លោក Araghchi បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ នៅតែត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយ ជាមួយនឹងវិធានការដ៏ម៉ឺងម៉ាត់បំផុត។
លោកបានបន្តថា៖«ការអត់ធ្មត់របស់យើង ដែលមិនគួរច្រឡំថា ជាភាពទន់ខ្សោយ គឺជាហេតុផលតែមួយគត់ដែលមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់របស់យើង នៅតែដដែល» ដោយបន្ថែមថា៖«ជនជាតិអ៊ីរ៉ង់មិនគេចវេសពីការចរចាពិតប្រាកដ និងហ្មត់ចត់ ដែលមានគោលបំណងសម្រេចបាននូវកិច្ចព្រមព្រៀងដោយយុត្តិធម៌ និងមានតុល្យភាពលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមកនោះទេ»។
លោកបានបញ្ជាក់ថា ទោះបីជាអ៊ីរ៉ង់ និងប្រជាជនរបស់ខ្លួន មិនស្វែងរកអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ប្រជាជនអ៊ីរ៉ង់ នឹងមិនដែលបោះបង់ចោល «សិទ្ធិស្របច្បាប់» របស់ពួកគេឡើយ៕