ប៊ុលហ្គារី ដែលត្រូវចាត់ទុកថាជាប្រទេសក្រីក្រជាងគេនៅសហភាពអឺរ៉ុប បានក្លាយជាសមាជិកទី២១ នៃតំបន់ចាយប្រាក់អឺរ៉ូ នាថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ២០២៦នេះ បើទោះបីជាមានការលំបាកជាច្រើន ការតវ៉ា និងការជំទាស់ពីម្ចាស់ឆ្នោតពាក់កណ្តាលរបស់ខ្លួនក៏ដោយ។ ជំហាននេះបានបន្សល់ប្រទេសមួយចំនួនតូចប៉ុណ្ណោះ នៅក្នុងសមាជិក ២៧ប្រទេស របស់សហភាពអឺរ៉ុប ដែលមិនទាន់បានអនុម័តប្រើប្រាស់រូបិយបណ្ណអឺរ៉ូ។

សម្រាប់ជនជាតិប៊ុលហ្គារី ដែលភាគច្រើនជាអ្នករស់នៅទីក្រុង យុវជន និងសហគ្រិនភាព ការចូលជាសមាជិកតំបន់ចាយប្រាក់អឺរ៉ូជាជំហានដ៏មានសុទិដ្ឋិនិយម និងអាចរកប្រាក់ចំណេញបានច្រើន។ ប៉ុន្តែសម្រាប់តំបន់ដែលមានមនុស្សវ័យចំណាស់ តាមជនបទ និងអ្នកអភិរក្សនិយម ការប្រើប្រាក់អឺរ៉ូជារូបិយបណ្ណប៊ុលហ្គារី បង្កឱ្យមានការភ័យខ្លាចនៃតម្លៃកើនឡើង និងភាពមិនស្រួលក្នុងចិត្ត។ គិតតាមអត្រាបច្ចុប្បន្ន ប្រាក់ ១អឺរ៉ូ មានតម្លៃប្រហែលជិតទ្វេដងនៃរូបិយបណ្ណប៊ុលហ្គារី។
គួរឱ្យដឹងថា រូបិយបណ្ណ លេហ្វ (lev) មានន័យជាភាសាប៊ុលហ្គារីថា សត្វតោ គឺជារូបិយប័ណ្ណប្រទេសនេះតាំងពីឆ្នាំ១៨៨១ ប៉ុន្តែត្រូវបានភ្ជាប់ទៅនឹងរូបិយប័ណ្ណអឺរ៉ុបផ្សេងទៀតចាប់តាំងពីឆ្នាំ១៩៩៧។
ចាប់តាំងពីខែសីហា ឆ្នាំ២០២៥មក ហាងទំនិញទាំងអស់នៅប៊ុលហ្គារី ត្រូវបានតម្រូវដោយច្បាប់ ឱ្យបង្ហាញតម្លៃជារូបិយបណ្ណទាំងពីរ។ ការស្ទង់មតិបានបង្ហាញថា ប្រជាជនប៊ុលហ្គារីចំនួន ៦,៥ លាននាក់ មានការខ្វែងគំនិតគ្នាស្ទើរតែពាក់កណ្ដាល លើរូបិយបណ្ណថ្មីនេះ៕

