នៅថ្ងៃសុក្រ (២ មករា) នេះ ក្រុមអ្នកស៊ើបអង្កេតប្រទេសស្វីស បានចាប់ផ្តើមភារកិច្ចដ៏ឈឺចាប់និងលំបាកបំផុត ក្នុងការកំណត់អត្តសញ្ញាណសាកសពឆេះខ្ទេចខ្ទី ក្នុងអគ្គិភ័យឆ្នាំថ្មីដ៏អាក្រក់ ដែលបានលេបត្របាក់បារមួយកន្លែង ដែលមានមនុស្សច្រើនកុះករ និងបានសម្លាប់មនុស្សប្រហែល ៤០នាក់ ក្នុងពិធីជប់លៀងថ្ងៃចូលឆ្នាំថ្មី នៅរមណីយដ្ឋានជិះស្គីទីក្រុង Crans-Montana ដ៏ប្រណីត។

ស្ថានភាពឆេះខ្លោចក្នុងអគ្គិភ័យ ដែលភាគច្រើនជាយុវវ័យនៅក្នុងបារឈ្មោះថា Le Constellation មានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដែលក្រុមមន្ត្រីស្វីសបាននិយាយថា ពួកគេអាចនឹងចំណាយពេលច្រើនថ្ងៃ មុនពេលបង្ហាញអត្តសញ្ញាណជនរងគ្រោះទាំងអស់នៃអគ្គិភ័យនោះ ដែលបានបង្ករបួសធ្ងន់ធ្ងរដល់មនុស្សជាង ១០០នាក់។
ឪពុកម្តាយរបស់យុវជនដែលបាត់ខ្លួន អន្ទះសារចង់បានដំណឹងពីមនុស្សជាទីស្រលាញ់របស់ពួកគេ ខណៈស្ថានទូតបរទេស បានប្រញាប់ប្រញាល់ពិនិត្យមើលថា តើជនជាតិរបស់ខ្លួនស្ថិតក្នុងចំណោមជនរងគ្រោះនៃសោកនាដកម្មដ៏អាក្រក់បំផុតមួយរបស់ប្រទេសស្វីស ក្នុងសម័យទំនើបនេះដែរឬទេ។
លោក Mathias Reynard ប្រធានរដ្ឋាភិបាលនៃខេត្ត Valais របស់ស្វីស បាននិយាយថា អ្នកជំនាញកំពុងប្រើប្រាស់គំរូធ្មេញ និង DNA សម្រាប់ភារកិច្ចដ៏លំបាកនេះ។ មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអាជ្ញាធរស្វីសបាននិយាយថា ហាក់ដូចជាឧបទ្ទវហេតុមួយប៉ុណ្ណោះ ពុំមែនជាការវាយប្រហារទេ៕



