អាជ្ញាធរនិយាយថា ភ្លៀងនិងព្រិលធ្លាក់ខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបញ្ចប់រដូវរាំងស្ងួតជាយូរ ប៉ុន្តែបានបង្កឱ្យមានទឹកជំនន់ដ៏គំហុកនៅក្នុងតំបន់ជាច្រើន ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ និងរបួស១១នាក់ផ្សេងទៀត។

លោក Mohammad Yousaf Saeedi អ្នកនាំពាក្យរបស់អភិបាលខេត្ត Herat បាននិយាយថា អ្នកស្លាប់រួមមានសមាជិក៥នាក់ក្នុងគ្រួសារមួយខណៈដំបូលផ្ទះបានបាក់រលំកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងស្រុក Kabkan ខេត្ត Herat ហើយជនរងគ្រោះពីរនាក់គឺជាកុមារ។ លោក Mohammad Yousaf Hammad អ្នកនាំពាក្យរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន បាននិយាយថា អ្នកស្លាប់និងរបួសភាគច្រើនបានកើតឡើងចាប់តាំងពីថ្ងៃច័ន្ទនៅក្នុងស្រុកដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយអាកាសធាតុធ្ងន់ធ្ងរបានរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ លោក Hammad និយាយថា ទឹកជំនន់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សម្លាប់សត្វពាហនៈ និងប៉ះពាល់ដល់គ្រួសារចំនួន១.៨០០គ្រួសារ ដែលធ្វើឱ្យស្ថានភាពកាន់តែអាក្រក់នៅក្នុងសហគមន៍ទីក្រុងនិងជនបទដែលងាយរងគ្រោះរួចទៅហើយ។

ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាប្រទេសប៉ាគីស្ថាន និងឥណ្ឌាដែលជិតខាងដែរ ងាយរងគ្រោះខ្លាំងចំពោះហេតុការណ៍អាកាសធាតុធ្ងន់ធ្ងរ ជាពិសេសទឹកជំនន់ដ៏គំហុកបន្ទាប់ពីភ្លៀងធ្លាក់តាមរដូវ។
ជម្លោះរាប់ទសវត្សរ៍ ហេដ្ឋារចនាសម្ព័ន្ធមិនល្អ ការកាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់កាន់តែខ្លាំងនៃបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យផលប៉ះពាល់នៃគ្រោះមហន្តរាយបែបនេះកាន់តែខ្លាំង ជាពិសេសនៅតំបន់ដាច់ស្រយាលដែលផ្ទះជាច្រើនត្រូវបានសាងសង់ពីដីឥដ្ឋ។