ក្រសួងការពារជាតិហ្គំប៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១ មករា) ថា សាកសពចំនួន ៧នាក់ ត្រូវបានរកឃើញ និងមនុស្ស ៩៦នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកមួយគ្រឿង ដែលទំនងជាដឹកជនអន្តោប្រវេសន៍ជាង ២០០នាក់ បានក្រឡាប់លិច នៅឆ្នេរភាគពាយព្យប្រទេសអាហ្រ្វិកខាងលិចមួយនេះ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តសម្រាប់អ្នកបាត់ខ្លួនរាប់សិបនាក់ទៀត។

ហេតុការណ៍នេះគឺជាឧប្បត្តិហេតុដ៏កំណាចចុងក្រោយបង្អស់ តាមផ្លូវទឹកអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់បំផុតមួយរបស់ពិភពលោក ដែលភាគច្រើនជាជនជាតិអាហ្វ្រិកខាងលិច ព្យាយាមជិះទូកតូចៗទៅដល់ប្រទេសអេស្ប៉ាញ តាមរយៈប្រជុំកោះកាណារី ក្នុងក្ដីសង្ឈឹស្វែងរកជីវិតថ្មី។

ក្រសួងការពារជាតិហ្គំប៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ទូកនោះត្រូវគេរាយការណ៍ថា បានក្រឡាប់លិច នៅម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រចំថ្ងៃឆ្លងឆ្នាំសកល ជិតឆ្នេរសមុទ្រនៃភូមិមួយក្នុងតំបន់ North Bank របស់ហ្គំប៊ី ហើយក្រោយមក ត្រូវបានរកឃើញថា «ជាប់កឿងនៅច្រាំងខ្សាច់»។ សេចក្តីថ្លែងការណ៍បន្តថា បេសកកម្មជួយសង្គ្រោះជាបន្តបន្ទាប់ក៏បានធ្វើឡើង ពាក់ព័ន្ធនឹងកម្លាំងជាច្រើនដើម្បីតាមរកអ្នកបាត់ខ្លួន។

ទិន្នន័យសហភាពអឺរ៉ុប បង្ហាញថា ជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៤៦.០០០នាក់ បានទៅដល់ប្រជុំកោះកាណារី របស់អេស្ប៉ាញ ក្នុងឆ្នាំ២០២៤ ដែលជាកំណត់ត្រាខ្ពស់បំផុត។ យោងតាមក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា មនុស្សជាង ១ម៉ឺននាក់ បានស្លាប់នៅក្នុងឆ្នាំនោះ ដោយការព្យាយាមធ្វើដំណើរផ្សងព្រេងបែបនេះ ដែលជាកំណើន ៥៨% ធៀបនឹងឆ្នាំ២០២៣៕