សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ដោតសម្រួចធនធាន ៣កម្រិតអាយុ សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងធីបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៩ កាលពីថ្ងៃពុធកន្លងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះ អគ្គលេខាធិការសហព័ន្ធដដែល បានវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួតជិត ១សប្ដាហ៍ ដែលជាវេទិកាវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់ ហើយពួកគេបានបង្ហាញនូវគុណផលរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដែលស្របតាមផែនការសហព័ន្ធកំពុងយកចិត្តទុកដាក់ទាំង ៣កម្រិត ទី១-ថ្នាលត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៣, យុវជនត្រៀមការប្រកួតអន្ដរជាតិចន្លោះឆ្នាំ២០២៦-២០២៩ និងទី៣-កម្រិតពេញសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសសស៊ីហ្គេម លើកទី៣៤ នៅប្រទេសម៉ាឡេស៊ី។

ទន្ទឹមជាមួយគ្នា ដើម្បីធានាបាននូវការអភិវឌ្ឍ និងភាពរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ហើយទទួលបានលទ្ធផលល្អ សម្រាប់ការត្រៀមលក្ខណៈចូលរួមការប្រកួតអន្ដរជាតិ និងហ្គេមនានា នៅចន្លោះឆ្នាំ២០២៦ រហូតដល់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ឯកឧត្ដម ណយ ផាណា ក៏បានពាំនាំនូវអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ចំនួន ៥ចំណុច ដែលសហព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ និងអនុវត្ត រួមមាន៖
១. បណ្តុះបណ្តាលកីឡាករ-កីឡាការិនីផ្ទាលតាមកម្រិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់ (High Performance)។
២. ពង្រឹងសមត្ថភាពចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ឲ្យកាន់តែល្អប្រសើរទាំង បរិមាណ និងគុណភាព។
៣. ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។
៤. ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគម ដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។
៥. ជំរុញឲ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនជារៀងរាល់ឆ្នាំ។
គួរដឹងថា ការប្រកួតឆ្នាំនេះ មានក្លិបចំនួន ៨ មកពី ២ក្រសួង និង ៣ខេត្តចូលរួម ដែលមានកីឡាករ-កីឡាការិនី ៦៤នាក់ និង មន្ត្រីបច្ចេកទេស៣៣នាក់ចូលរួម។ ជាលទ្ធផលគ្រប់ក្រសួង និងខេត្តចូលរួម សុទ្ធតែទទួលបានមេដាយ ក្នុងនោះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១១គ្រឿង(មាស ៥ និងប្រាក់ ៦), ខេត្តកំពង់ឆ្នាំង ឈរលេខ២ ឈ្នះមេដាយសរុប ៨គ្រឿង (មាស៣ ប្រាក់២ និងសំរឹទ្ធ៣), ក្រសួងការពារជាតិ ឈរលេខ៣ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៦), ខេត្តក្រចេះ ឈរលេខ៤ ឈ្នះមេដាយសរុប ៩គ្រឿង(មាស២ ប្រាក់៤ និងសំរឹទ្ធ៣) និងខេត្តស្ទឹងត្រែង ដែលជាខេត្តចំណូលថ្មី ក៏ឈ្នះមេដាយសំរឹទ្ធ ១គ្រឿងដែរ៕ អត្ថបទ លី ឈុនឡា




