អ្នកស្រី Liudmyla Shramko បានចាកចេញពីទីក្រុងគីវកាលពីឆ្នាំ ២០២៤ ជាមួយកូនស្រីភ្លោះ២នាក់របស់គាត់ ដើម្បីគេចវេសពីការផ្លោងគ្រាប់កាំភ្លើងធំ និងការដាច់ចរន្តអគ្គសិនី ប៉ុន្តែរយៈពេល ១ឆ្នាំក្រោយមក អ្នកស្រីបានជួបការដាច់ចរន្តអគ្គិសនីរយៈពេល ១៦ម៉ោង ក្នុង ១ថ្ងៃ នៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែន ។
ស្រ្តីវ័យ ៤០ឆ្នាំរូបនេះ បាននឹកឃើញដល់ការដាច់ចរន្តអគ្គិសនីពុំបានប្រាប់រយៈពេល ២ថ្ងៃក្នុងផ្ទះល្វែងរបស់គាត់ អំឡុងរដូវក្តៅ ឆ្នាំ ២០២៤ នៅរដ្ឋធានីគីវ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ ។
អ្នកស្រី Shramko និយាយប្រាប់ CNNថា វាពិតជាពិបាកខ្លាំងណាស់សម្រាប់ក្មេងៗ ។ អ្នកស្រីមិនត្រឹមតែពុំអាចបើកម៉ាស៊ីនត្រជាក់បានប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែចម្អិនអាហារក៏មិនអាចទៅរួចដែរ ។

ពេលដែលអ្នកស្រី Shramko ផ្លាស់ទៅរស់នៅក្នុងទីក្រុងថ្មី ជាមួយកូនស្រីភ្លោះ Oleksandra និង Yelizaveta ដែលកាលនោះពួកនាងមានអាយុត្រឹម ១ខួបប៉ុណ្ណោះ អ្នកស្រីបានដើររកផ្ទះល្វែងណាដែលមានសម្ភារៈការពារការដាច់ចរន្តអគ្គិសនី ។
រយៈពេល ១ឆ្នាំកន្លងមកនេះ អ្នកស្រី Shramko បានរស់នៅក្នុងស្ថានភាពដាច់ចរន្តអគ្គីសនីដដែល ប៉ុន្តែពេលនេះអំឡុងរដូវរងា ។ ផ្ទះភាគច្រើនរបស់អ៊ុយក្រែន ពេលដែលដាច់ចរន្តអគ្គិសនី កម្តៅនឹងឈប់ដំណើរការផងដែរ ។
សូមបញ្ជាក់ថា រុស្ស៊ី បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ គឺជាតាក់ទិកតែមួយដែលពួកគេបានប្រើប្រាស់កាលពីរដូវរងាមុនៗ ។ ការវាយប្រហារនេះ បានធ្វើឲ្យមនុស្សរាប់ម៉ឺនរាប់សែននាក់ នៅទូទាំងប្រទេសគ្មានចរន្តអគ្គិសនីប្រើប្រាស់ ឬកម្តៅ ស្របបពេលសីតុណ្ហភាពរដូវរងាត្រជាក់ខ្លាំង ៕
