កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអ្នកកាន់សាសនានៅទូទាំងប្រទេសឥណ្ឌា បានប្រារព្ធបុណ្យចូលឆ្នាំថ្មី ជាមួយនឹងពិធីបួងសួងនៅតាមប្រាសាទហិណ្ឌូ និងទីសក្ការៈបូជា Sikh ដោយស៊ូទ្រាំនឹងការចុះអ័ព្ទខ្លាំង ហើយពួកគេព្យាយាមទទួលពរពីព្រះ ។
នៅទីក្រុង Haridwar ក្រុមធម្មយាត្រា បានចុះមុជទឹកតាមបែបសាសនា នៅក្នុងទន្លេគង្គា បើទោះបីជាអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក្តី ។
លោក Jhumroo គឺជាអ្នកគោរពបូជាម្នាក់ និយាយថា លោកមិនអាចរៀបរាប់ពីអារម្មណ៍របស់លោកថាអស្ចារ្យបែបណានោះទេ ។ លោកគ្រាន់តែមានអារម្មណ៍អស្ចារ្យ មានអារម្មណ៍វិជ្ជមានខ្លាំងណាស់នៅទីនេះ ។
នៅប្រាសាទ Kamakhya ស្ថិតក្នុងរដ្ឋ Assam ក្រុមអ្នកគោរពបូជា នាំគ្នាអុជចង្កៀង និងបួងសួងសុំសេចក្តីសុខ ខណៈនៅទីក្រុងម៉ុមបៃ ក្រុមអ្នកកាន់សាសនា បានជួបជុំគ្នានៅប្រាសាទ Siddhivinayak បួងសួងដល់ព្រះគណេស ។
នៅទីក្រុង Amritsar ក្រុមអ្នកកាន់សាសនា បានតម្រង់ជួរនៅប្រាសាទមាស ក្នុងនោះភ្ញៀវម្នាក់ គឺអ្នកស្រី Amanjyot Kaur និយាយថា អ្នកស្រីសង្ឃឹមថា ឆ្នាំនេះ នឹងនាំសុភមង្គល និងភាពសប្បាយរីករាយដល់អ្នករាល់គ្នា ។
អ្នកស្រី Kaur និយាយថា នៅថ្ងៃនេះ ពួកយើងបួងសួងឲ្យឆ្នាំថ្មីនាំមកនូវសេចក្តីសុខ សុភមង្គល សម្រាប់អ្នករាល់គ្នា ។ អ្នកស្រីមកលេងប្រាសាទមាស ជាមួយគ្រួសាររបស់គាត់ ។ អ្នកស្រីសង្ឃឹមថាឆ្នាំនេះ នឹងផ្តល់សុភមង្គលច្រើនជាងឆ្នាំណាណាទាំងអស់ ៕