ក្រុមសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃអាទិត្យ (៤ មករា) ថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅនៃភាពចលាចលនៅប្រទេសអ៊ីរ៉ង់ ខណៈការតវ៉ាជុំវិញអតិផរណាខ្ពស់ខ្លាំង បានរីករាលដាលពាសពេញប្រទេសនេះ ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។

តួលេខនៃការស្លាប់ និងការចាប់ខ្លួនខុសៗគ្នាជាច្រើនត្រូវបានរាយការណ៍ពេញមួយសប្តាហ៍នៃបាតុកម្មនោះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រុមសិទ្ធិមនុស្ស ប៉ុន្តែពុំមានការផ្ទៀងផ្ទាត់ជាផ្លូវការទេ។ ក្រុមសិទ្ធិមនុស្សឃឺដ Hengaw បានរាយការណ៍ថា មនុស្សយ៉ាងតិច ១៧ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការតវ៉ាចាប់ផ្តើមមក ប៉ុន្តែបណ្តាញសកម្មជនសិទ្ធិមនុស្ស HRANA ដ៏ធំបាននិយាយថា យ៉ាងហោចណាស់ មានមនុស្ស ១៦នាក់ត្រូវបានសម្លាប់ និងជិត ៦០០នាក់ ត្រូវបានចាប់ខ្លួន។
ការតវ៉ាទាំងនេះ គឺជាបាតុកម្មដ៏ធំបំផុតក្នុងពេលបីឆ្នាំនៅអ៊ីរ៉ង់។ ថ្នាក់ដឹកនាំអ៊ីរ៉ង់បានបញ្ចេញវោហាសាស្រ្តទន់ភ្លន់ជាងការប៉ះទង្គិចពីមុនៗ ខណៈសាធារណរដ្ឋអ៊ិស្លាមមួយនេះកំពុងស្ថិតក្នុងភាពងាយរងគ្រោះ ដោយសារសេដ្ឋកិច្ចកំពុងស្ថិតក្នុងស្ថានភាពរង្គោះរង្គើ និងសម្ពាធអន្តរជាតិកំពុងកើនឡើង។
យោងតាមសុន្ទរកថាដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានប្រាប់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការ «បន្ធូរដៃ និងប្រកបដោយការទទួលខុសត្រូវ» ចំពោះក្រុមបាតុករ ដោយនិយាយថា «សង្គមមិនអាចត្រូវបានបញ្ចុះបញ្ចូល ឬធ្វើឱ្យស្ងប់ចិត្ត ដោយវិធីសាស្រ្តប្រើកម្លាំងបង្ខំនោះទេ»៕

