កំពត៖ ថ្ងៃទី១នៃការបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ខេត្តកំពត មានគណបក្សនយោបាយចំនួន៤ បានមកដាក់ពាក្យ ខណៈដែលគណបក្សនយោបាយពីរផ្សេងទៀត នៅមិនទាន់មកដាក់ពាក្យ ។
នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពតលោក តែជិន ណារិត កាលពីម្សិលមិញ ហើយលោក ក៏ស្នើសុំឲ្យគណបក្សនយោបាយរូសរាន់ក្នុងការមកដាក់ពាក្យផងដែរ។.
លោក តែជិន ណារិត ប្រាប់ឲ្យដឹងថា លោកបានជួបប្រជុំជូនដំណឹងដល់បក្សនយោបាយទាំងអស់ បីដងមុនថ្ងៃបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ។ ហើយបើទោះជាការដាក់ពាក្យសុំចុះបញ្ជីមានធ្វើតាមប្រព័ន្ធបច្ចេកវិទ្យា ក៏បក្សនយោបាយនីមួយៗមានការត្រៀមលក្ខណៈបានល្អ ។
យ៉ាងណាក៏ដោយ ក្នុងការដាក់ពាក្យចុះបញ្ជីបេក្ខជននេះ មានគណបក្សពីរមិនទាន់មកដាក់ គឺគណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ។
ខេត្តកំពតមាន៩ក្រុងស្រុក និងមាន៩៣ ឃុំសង្គាត់ ដែលគណបក្សនយោបាយត្រូវមកដាក់ពាក្យសុំចុះបញ្ជីបេក្ខជនតំណាងបក្សរបស់ខ្លួន នៅតាមឃុំសង្គាត់នីមួយៗ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២នេះ៕អត្ថបទ៖ សារីម