ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយកងទ័ពស៊ូដង់ និងគូប្រជែងយោធាប៉ារ៉ារបស់ខ្លួនលើទីក្រុងពីរ នៅតំបន់ Darfur ភាគខាងលិច ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ បានសម្លាប់មនុស្ស ១១៤នាក់។

ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ប្រទេសស៊ូដង់ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលកាលពីខែតុលា បានដណ្តើមយកទីតាំងចុងក្រោយរបស់កងទ័ព នៅតំបន់ Darfur។

ចាប់តាំងពីពេលនោះមក កងកម្លាំង RSF បានរុញច្រានទៅភាគខាងលិចទៅកាន់ព្រំដែនឆាដ និងខាងកើតឆ្លងកាត់តំបន់ Kordofan ដ៏ធំទូលាយ ជាកន្លែងដែលការវាយប្រហារដោយយានដ្រូនលើរដ្ឋធានី El-Obeid ភាគខាងជើងតំបន់ Kordofan កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី នៅក្នុងទីក្រុងសំខាន់ដែលគ្រប់គ្រងដោយកងទ័ព។
ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រមួយ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មនុស្ស ៥១ នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារដោយដ្រូនដែលសន្មតថា ត្រូវបានធ្វើឡើងដោយកងទ័ពនៅលើទីក្រុង Al-Zuruq ភាគខាងជើងតំបន់ Darfur ចម្ងាយ ១៨០ គីឡូម៉ែត្រ (១១២ ម៉ាយ) ភាគខាងជើងនៃរដ្ឋធានី El-Fashir ដែលត្រូវបានគ្រប់គ្រងដោយកម្លាំងគាំទ្ររហ័ស (RSF)៕